កីឡា

ក្រុមកីឡាករប៉េតង់កម្ពុជា ចេញដំណើរបំពេញ បេសកកម្មបន្តអេស្ប៉ាញ បន្ទាប់កីឡាការិនីឈ្នះមេដាយមាស ពិភពលោក

ភ្នំពេញ៖នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទតំណាង ឲ្យក្រសួងការពារជាតិ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាបានអញ្ជើញជូនដំណើរក្រុមកីឡាករទៅចូលរួមការ ប្រកួតជ្រើសរើសជើងឯកកីឡាប៉េតង់កម្រិតពិភពលោក “The 2021 World Triplets Precisions Shooting Championships ” នៅទីក្រុង Santa ប្រទេសអេស្ប៉ាញដែលប្រព្រឹត្តថ្ងៃទី១៦ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក អ៊ឹម ផាត គ្រូបង្វឹកជម្រើសជាតិប៉េតង់កម្ពុជាមានប្រសាសន៍ថា ក្រុមនាមក្រុមជម្រើសជាតិកម្ពុជា យើងខ្ញុំប្តេជ្ញាចិត្តប្រកួតប្រជែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងមេដាយពីការប្រកួតជើងឯកពិភពលោកនេះយកមកជូនជាតិមាតុភូមិយើង។ ក្នុងការប្រកួតនេះ មានកីឡាករមកពី៥០ប្រទេសចូលរួម។ កម្ពុជានឹងប្រកួតលើ២វិញ្ញាសា គឺវាយយកពិន្ទុ និងវិញ្ញាសាក្រុម ៣នាក់ទល់៣នាក់។ ក្រុមខ្លាំងៗ ដែលជាឧបស័គ្គ ក្នុងការប្រកួតប្រជែងកម្រិតពិភពលោកនេះ មានដូចជាប្រទេសបារាំង ទុយណេស៊ី ម៉ាដាហ្គាស្កា អ៊ីតាលី និងថៃជាដើម។

កីឡាករជម្រើសជាតិប៉េតង់កម្ពុជា៤រូប រួមមាន៖ សុខ ចាន់មាន ថោង ឈឿន ញ៉ែម បូរ៉ា និង ស៊ីន វង់ ក្រោមការដឹកនាំពីគ្រូបង្វឹក លោក អ៊ឹម ផាត។ វិញ្ញាសាដែលត្រូវប្រកួត គឺវិញ្ញាសាយកពិន្ទុ ដោយកីឡាករ សុខ ចាន់មាន ហើយ សុខ ចាន់មាន នឹងចូលរួមប្រកួតជាមួយមិត្តរួមជាតិ លើវិញ្ញាសាក្រុម១ទៀត គឺ ៣នាក់ទល់៣នាក់ និងម្នាក់ទៀត ជាកីឡាករបម្រុង។

កីឡាករជម្រើសជាតិប៉េតង់កម្ពុជា សុខ ចាន់មាន ជាអតីតម្ចាស់មេដាយមាសជើងឯកពិភពលោក ឆ្នាំ២០១៦ នៅប្រទេសម៉ាដាហ្គាស្កា បានប្តេជ្ញាប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកសាងកំណត់ត្រាថ្មីមួយជូនជាតិ នៅក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ (The 2021 World Triplets and Precision Shooting Championships) នាថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

ម្ចាស់មេដាយមាសកម្រិតពិភពលោក ឆ្នាំ២០១៦រូបនេះបញ្ជាក់ថា ការចូលរួមប្រកួតលើវិញ្ញាសា វាយយកពិន្ទុនេះ គឺប្រទេសមួយមានសិទ្ធិដាក់បេក្ខភាពកីឡាកររបស់ខ្លួនត្រឹមតែម្នាក់ប៉ុណ្ណោះ មិនអនុញ្ញាតឲ្យច្រើននាក់នោះទេ។ កីឡាករ សុខ ចាន់មាន បានបង្ហាញពីការលំបាកនៃការចូលរួមប្រកួតមានសមាសភាពកីឡាករសុទ្ធសឹងជាអ្នកខ្លាំងៗមកពីជុំវិញពិភពលោក ហើយការធ្វើដំណើរទៅដល់ប្រទេសអេស្ប៉ាញ បានសម្រាកតែ១យប់ ហើយត្រូវចាប់ផ្តើមការប្រកួតតែម្តង៕

Most Popular

To Top