ការប្រកួតរវាង Manchester United ទល់នឹង Brenford ត្រូវបានលើកពេល បន្ទាប់ពីជំងឺកូវីដក្នុងរាតត្បាតក្នុងជំរំហ្វឹកហាត់របស់បិសាចក្រហម។
ប្រភពពី The Sun ចុះផ្សាយកាលពីចុងសប្ដាហ៍ថា មានកីឡាករនិងបុគ្គលិក របស់ Man Utd មួយចំនួនបានកើតជំងឺកូវីដ-១៩ ក្រោយយកឈ្នះ ១-០ លើ Norwich។ ពួកគេទាំងនោះត្រូវបានប្រាប់ឲ្យត្រឡប់ទៅផ្ទះពីកន្លែងហ្វឹកហាត់ Carrington និងការហាត់ ត្រូវបានកាត់បន្ថយ។
ហើយកាលពីម្សិលមិញ ទីតាំងហ្វឹកហាត់របស់ក្រុម ត្រូវបានបិទតែម្ដង ហើយ United បានទាក់ទងទៅកាន់ Premier League ដើម្បីសាកសួរឲ្យលើកពេលប្រកួតជាមួយ Brenford។ តាមកាលវិភាគបិសាចក្រហម ត្រូវលេងជាមួយ Brenford នៅរាត្រីនេះ។
ក្រោយពីទទួលបានដំណឹងនេះ ក្រុមប្រឹក្សាភិបាលរបស់ Premier League បានសម្រេចចិត្តលើកពេលប្រកួតរវាងក្រុមទាំងពីរតែម្ដង ដើម្បីរក្សាសុវត្ថិភាព។ តាមការបញ្ជាក់ កីឡាករ United យ៉ាងតិច៤នាក់ ដែលបានលេងជាមួយ Norwich បានកើតជំងឺកូវីដ ហើយពេលនេះកំពុង ដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១០ថ្ងៃ ៕