ភ្នំពេញ៖លោក គៀតច័ន្ទថារិទ្ធបានបន្ដតំណែងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុសម្រាប់អាណត្តិទី៧តាមរយៈមហាសន្និបាតនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ។
មហាសន្និបាតអាណត្តិថ្មីសម្រេចបាននូវសមាសភាព គណៈកម្មាធិការប្រតិបត្តិ សរុបចំនួន១៧រូប ក្នុងនោះ គៀត ច័ន្ទថារិទ្ធ ប្រធាន និងអនុប្រធានទី១ លោក បណ្ឌិត ដួង ហេង និងអនុប្រធានទី២ លោក តែ សុខហុង អមដោយអនុប្រធាន៥រូប និងលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ ព្រមទាំងសមាជិកមួយចំនួនទៀត។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធបានរាយការណ៍ជូនពីស្ថានភាពលំបាក និងផលវិជ្ជមាន ដែលជាសមិទ្ធផល ដែលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុចាបានប្រឹងប្រឹងបន្តដំណើរការអភិវឌ្ឍពេញ១អាណត្តិកន្លងទៅនេះ។ បច្ចុប្បន្នភាព សហព័ន្ធមានក្លិប-សមាគម ក្រុមហ៊ុន សាលារៀន សរុបចំនួន ២៤ មានកីឡាករ កីឡាការិនីជាង ១៧០នាក់។ បច្ចុប្បន្ន សហព័ន្ធក៏មានមន្ត្រីអាជ្ញាកណ្តាល ចំនួន ២៥ រូប អាជ្ញាកណ្តាលអន្តរជាតិ១រូបផងដែរ។ ជាមួយគ្នានេះ សហព័ន្ធក៏បានរៀបចំបង្កើតគណៈកម្មការបច្ចេកទេស ក្នុងគោលបំណងអភិវឌ្ឍបច្ចេកទេស ក្នុងការហ្វឹកហាត់ និងការរៀបចំការប្រកួតនានា ជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពការងារជាច្រើនទៀតផងដែរ។
ក្នុងនាមប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អាណត្តិថ្មី លោក ច័ន្ទថារិទ្ធបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មថ្មីៗបន្តទៀត ជាពិសេសគឺដំណើរអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកសម្តែងក្តីរីករាយក្រៃលែង និងមានកិត្តិយស ដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ បានផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ក្នុងការបោះឆ្នោតជូនឯកឧត្តមមកបន្តដឹកនាំសហព័ន្ធ អាណត្តិទី៧នេះ។
លោក គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា អាណត្តិទី៧នេះ គឺជាអាណត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុត ក្នុងអំឡុងដែលព្រះរាជណាចក្រកម្ពុជាត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្តនេះ លោកបានប្តេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសឲ្យទទួលបានជោគ ជ័យក្នុងការប្រកួតកីឡា SEA GAMES លើក លើកទី៣២ ឆ្នាំ២០២៣។
មហាសន្និបាតនេះធ្វើឡើងដោយមានការចូលរួមជាសាក្សីពីសំណាក់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ដោយ:លី ភីលីព