កីឡា

មន្រ្តីបច្ចេកទេស សហព័ន្ធកីឡាវាយកូនបាល់ ទទួលបានការបណ្តុះបណ្តាល វគ្គមន្រ្តីបច្ចេកទេស រៀបចំការប្រកួត ទាំងថ្នាក់ជាតិ និងអន្តរជាតិ

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំយុវជន និងកីឡា បានបើកវគ្គបណ្តុះបណ្តាល វគ្គមន្រ្តីបច្ចេកទេសរៀបចំ ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍសមត្ថភាព ក្លាយជាមន្រ្តីបច្ចេកទេស រៀបចំការប្រកួតកម្រិតស្តង់ដាអន្តរជាតិ។

លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសរៀបចំការប្រកួត ដែលសហព័ន្ធរៀបចំឡើងនេះ មានគោលបំណងពង្រឹងជំនាញ ដល់មន្រ្តីបច្ចេកទេស របស់សហព័ន្ធឲ្យយល់ដឹង កាន់តែច្បាស់អំពីតួនាទីភារៈ ក្នុងនាមជាមន្រ្តីបច្ចេកទេស ដែលទទួលខុសត្រូវក្នុងការរៀបចំ ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ ពិសេស គឺឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង។

អគ្គលេខាធិការរងរូបនេះបន្ថែមទៀតថា ក្រោយបញ្ចប់វគ្គបណ្តុះរយៈពេល៤ថ្ងៃ សិក្ខាកាមនឹងទទួលបាន វិញ្ញាប័នបត្របញ្ជាក់ ពីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ហើយក៏បន្តទៅអនុវត្តដោយផ្ទាល់ នៅក្នុងការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២១ ដែលដំណើរការប្រកួត ចាប់ពីថ្ងៃទី២២ដល់២៥ ខែ មករា ឆ្នាំ២០២២ផងដែរ។

លោក អះអាងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់និងយល់ដឹង កាន់តែច្បាស់អំពីតួនាទី ជាមន្រ្តីបច្ចេកទេសរៀបចំការប្រកួត ដើម្បីឲ្យការរៀបចំ ការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដែលរៀបចំដោយមន្រ្តីបច្ចេកទេសកម្ពុជា មានកម្រិតស្តង់ដាអន្តរជាតិ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស រៀបចំការប្រកួតបានដំណើរការ​​ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម ចំនួន២០រូប មកពីរាជធានីភ្នំពេញ បាត់ដំបង សៀមរាប។ ហើយវគ្គបណ្តុះបណ្តាលនេះ បង្ហាត់ដោយគ្រូឧទ្ទេស លោក ប្រាយអេន អានីរ៉ូស គ្រូធំជម្រើសជាតិ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា៕ ដោយ៖លី ភីលីព

Most Popular

To Top