រីយ៉ូ ៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានឲ្យដឹងថា កីឡាករត្រូវតែចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមក្នុងការប្រកួតជើងឯក លីគឆ្នាំនេះ ហើយនឹងត្រូវបញ្ឈប់ ប្រសិនបើពួកគេមិនបានចាក់វ៉ាក់សាំង ។
ប្រភពព័ត៌មានពី CBF បានឲ្យដឹងថា ខ្លួនមានទំនាក់ទំនងជាប្រចាំជាមួយស្ថាប័នសុខភាព ហើយបានបញ្ជូនបញ្ជី នៃតម្រូវការថ្មីៗទៅកាន់ក្លឹបសមាជិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី ។
ប្រភពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា “មួយក្នុងចំណោមទាំងនេះ គឺជាកាតព្វកិច្ចក្នុង ការបង្ហាញវិញ្ញាបនបត្រ ការចាក់វ៉ាក់សាំងពេញលេញប្រឆាំង នឹងជំងឺកូវីដ-១៩ ដល់គណៈកម្មការវេជ្ជសាស្ត្ររបស់ CBF” ។
ការប្រកួតថ្នាក់ជាតិកំពូលទាំង៤ នឹងចាប់ផ្តើមនៅសប្តាហ៍ទីពីរ នៃខែមេសា ។ គ្រូបង្វឹកប្រេស៊ីលលោក Tite បានឲ្យដឹងថា លោកមិនបានជ្រើសរើសខ្សែ ការពារ Renan Lodi របស់ Atletico Madrid សម្រាប់ក្រុមរបស់លោក សម្រាប់ការប្រកួតជម្រុះ World Cup នាពេលខាងមុខនោះទេ ដោយសារតែគាត់មិនបានចាក់វ៉ាក់សាំង ពេញលេញ។
បញ្ហានៃជំហររបស់អត្តពលិកលើការចាក់វ៉ាក់សាំង បានគ្របដណ្ដប់លើ ចំណងជើងកីឡានាពេលថ្មីៗនេះ បន្ទាប់ពីកីឡាករវាយកូន បាល់ Novak Djokovic ដែលមិនបានចាក់វ៉ាក់សាំង ត្រូវបាននិរទេសចេញមុនការប្រកួត Australian Open ៕
ដោយ ឈូក បូរ៉ា