ក្លឹបយក្សអ៊ីតាលី Juventus នឹងធ្វើការចូលរួមប្រជែងជាផ្លូវការ ជាមួយនឹងបណ្តាក្លឹបផ្សេងទៀត នៅអឺរ៉ុប ដើម្បីអាចចរចាក្នុងការផ្ទេរ កីឡាករខ្សែប្រយុទ្ធឆ្នើម Dusan Vlahovic របស់ក្លឹប Fiorentina។
កីឡាករវ័យ២១ឆ្នាំ ត្រូវបានគេមើលឃើញថា គឺជាកីឡាករខ្សែប្រយុទ្ធដ៏ឆ្នើមបំផុត ដែលនឹងមានឈ្មោះនៅក្នុងបញ្ជីកីឡាករ ដែលត្រូវដោះដូរនៅក្នុងទីផ្សារក្នុងខែមករានេះ ដោយក្នុងនោះសូម្បីតែក្លឹបកាំភ្លើងធំ Arsenal ក៏ស្ថិតនៅក្នុងក្លឹប ដែលចូលរួមប្រជែងកីឡាករផងដែរ។
កីឡាករ Vlahovic នៅរដូវកាលនេះរកបាន ១៧គ្រាប់បាល់លីគមកហើយ បន្ទាប់ពីបានរកបានដល់ទៅ២១គ្រាប់ កាលពីរដូវកាលមុន។
គួរឲ្យដឹងដែរថា Juventus ចាំបាច់ត្រូវការកីឡាករខ្សែប្រយុទ្ធជួរមុខម្នាក់ នៅក្នុងខែមករានេះ ជាជាងរងចាំរហូតដល់រដូវក្តៅ ហើយជឿជាក់ថាចំពោះតម្លៃខ្លួន របស់ Vlahovic ក៏ត្រូវបានJuventus ព្រមព្រៀងរួចរាល់ហើយផងដែរ៕ ប្រែសម្រួល៖ស៊ុនលី