កីឡា

ក្រុម TN កណ្តាល FC បន្តឈរលើកំពូលតារាងពូល “A” នៃពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល


កណ្តាល៖ក្រុម TN កណ្តាល FC ទទួលបាន៣ពិន្ទុបន្ថែមទៀត បន្ទាប់ពីយកឈ្នះលើក្រុមស្វាយរលំ FC ៥ទល់២ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្តស្ថិតក្នុងក្រុងតាខ្មៅ។

ក្រុមបាល់ទាត់ TN កណ្តាល FC បន្តឈរលើកំពូលតារាងពូល “A” បន្ទាប់ពីយកឈ្នះលើក្រុមបាល់ទាត់ស្វាយរលំ FC លទ្ធផលបច្ចេកទេស ៥ ទល់ ២ ចំណែកក្រុមបាល់ទាត់យុវជនស្រុកអង្គស្នូលក៏យកឈ្នះលើក្រុមបាល់ទាត់យុវជនស្រុកកណ្តាលស្ទឹងលទ្ធផលបច្ចេកទេស ២ ទល់ ០ ដូច្នេះក្រុមបាល់ទាត់យុវជនស្រុកអង្គស្នូលឈរចំណាត់ថ្នាក់លេខ២ក្នុងតារាងពូល “A” ។

សម្រាប់ការប្រកួតសប្តាហ៍ទី២ ក្រុមបាល់ទាត់ TN កណ្តាល FC ២ប្រកួតឈ្នះទំាង២ទទួលបាន៦ពិន្ទុឈរលំដាប់លេខ១ ក្រុមបាល់ទាត់យុវជនស្រុកអង្គស្នូល ២ប្រកួត ឈ្នះ១ ស្មើ១ ទទួលបាន៤ពិន្ទុឈរលំដាប់លេខ២ ក្រុមបាល់ទាត់ស្វាយរលំ FC ២ប្រកួត ចាញ់១ ស្មើ១ ទទួលបាន១ពិន្ទុឈរលំដាប់លេខ៣ និងក្រុមបាល់ទាត់យុវជនស្រុកកណ្តាលស្ទឹង ២ប្រកួត ចាញ់ទាំង២ស្ថិតនៅបាតតារាង។

ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម ។ ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានពានចំនួន០១ទង់ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។

ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។

ដោយឡែកក្រុមមានវិន័យល្អ(ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល៕ដោយ៖ស្រីម៉ៅ

Most Popular

To Top