កីឡា

បិទការប្រកួតកីឡា ទូកក្តោងជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២១ 

ខេត្តព្រះសីហនុ៖នាថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២២ សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបញ្ចប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ក្រោមអធិតីភាពលោកឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការរង និងជានាយសេនាធិការ នៃបញ្ជាការដ្ឋានមូលដ្ឋានសមុទ្រ លោកឧត្តមនាវីត្រី ទេព សំអុល នាយសេនាធិការរង លោកវរៈនាវីឯក ហ៊ុ ឡៃ នាយការិយាល័យហ្វឹកហ្វឺន លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆ្នេររាម ដែលស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២១ នេះមានក្លិបទូកក្តោងចំនួន ៣ ដែលមានកីឡាករចំនួន ២៣រូប និងកីឡាការិនីចំនួន ០១រូប ចូលរួមក្លិបកីឡាទូកក្តោងកែបដែលមាន ប្រតិភូ ចំនួន ០១រូប គ្រូបង្វឹក ចំនួន ០១រូប និងកីឡាករ កីឡាការិនី ចំនួន ៨ រូប ។ក្លិបកីឡាទូកក្តោង សុខា មាន ប្រតិភូ ចំនួន ០១រូប គ្រូបង្វឹក ចំនួន ០១រូប និងកីឡាករ ចំនួន ៨ រូប និងក្លិបកីឡាទូកក្តោង តារាសាគរ មាន ប្រតិភូ ចំនួន ០១រូប គ្រូបង្វឹក ចំនួន ០១រូប និងកីឡាករ ចំនួន ៨ រូប ។
សម្រាប់ការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២១ នេះ គណៈកម្មការរៀបចំការប្រកួតបានរៀបចំការប្រកួតចំនួន ០៤ វិញ្ញាសាគឺវិញ្ញាសា Windsurfing RS:One មានកីឡាករ ៦ រូប វិញ្ញាសា Windsurfing Teacnh 293 មានកីឡាករ ៦ រូប វិញ្ញាសា Laser Boat មានកីឡាករ ៦ រូប និងវិញ្ញាសា Byte Boat Open មានកីឡាករ ៦ រូប។
ជាលទ្ធផលនៃការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២២ លើប្រភេទវិញ្ញាសា ចំនួន ០៤ប្រភេទ៖វិញ្ញាសា Windsurfing RS:One ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ ប៉ាល់ សិលា ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករ សែម ប្រុសពៅ និងចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាករ ហេន សុភី។

វិញ្ញាសា Windsurfing Techno 293 ៖ ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ កែវ ភារុណ ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករ កែវ ភានុន និងចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាករ សុខ គុយសៀន ចំពោះវិញ្ញាសា Laser Byte ៖ ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ ស៊ុន ចាន់ឌឿន ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករ ញ៉ូវ ចាន់ និងចំណាត់ថ្នាក់លេខ ៣ គឺបានទៅលើកីឡាករ ឡុច ដារ៉ុង
ចំណែកវិញ្ញាសា Byte Boat ៖ចំណាត់ថ្នាក់លេខ ១ បានទៅលើកីឡាករ ស៉ីន សំណាង ចំណាត់ថ្នាក់លេខ ២ បានទៅលើកីឡាករ មាច ឫទ្ធីវង្ស និងចំណាត់ថ្នាក់លេខ ៣ បានទៅលើកីឡាករ ស៊ុ សរ៉ា៕

Most Popular

To Top