កីឡា

ក្រុម TN kandal FC និងក្រុមយុវជនស្រុកមុខកំពូលឡើងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឆ្នាំ២០២២

ខេត្តកណ្តាល៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបា លខេត្តកណ្តាលឆ្នាំ២០២២ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅទីលានកីឡដ្ឋាន ខេត្តស្ថិតក្នុងក្រុងតាខ្មៅ បានរកឃើញក្រុមជើងខ្លាំង២ គឺក្រុមបាល់ទាត់ TN kandal FC និងក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលឡើងវគ្គផ្តាច់ព្រ័ត្របន្ទាប់ពីទំាង២ ក្រុមបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន។


សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ TN kandal FC បានយកឈ្នះក្រុមបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាលដោយ ប៉េណាល់ទីក្នុងលទ្ធផលបច្ចេកទេស ៥ ទល់ ៤ ខណៈក្រុមទំាង២បានចំណាយពេល៩០នាទី លើទីលានបានត្រឹមស្មើគ្នា ដូច្នេះធ្វើឲ្យក្រុមបាល់ទាត់ TN kandal FC ឡើងផ្តាច់ព្រ័ត្រ ។ ចំណែកក្រុមបាល់ទាត់យុវជនស្រុកមុខកំពូល បានយកឈ្នះក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ក្នុងលទ្ធផលបច្ចេកទេស ១ ទល់ ០ ដូច្នេះក្រុមបាល់ទាត់យុវជន ស្រុកមុខកំពូលឡើងផ្តាច់ព្រ័ត្រ។


ចំពោះការប្រកួតផ្តាច់ព្រ័ត្រក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ប៉ះក្រុមបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាលដណ្តើម យកចំណាត់ថ្នាក់លេខ៣ រីឯក្រុមបាល់ទាត់ TN kandal FCប្រកួតជាមួយក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលឡើងផ្តាច់ព្រ័ត្រដណ្តើមជើងឯក។ ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម ។


ក្រុមចំណាត់ថ្នាក់លេខ១ទទួលបានពានចំនួន០១ទង់ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។


ដោយឡែកក្រុមមានវិន័យល្អ(ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល៕

ដោយ៖លី ភីលីព

Most Popular

To Top