ភ្នំពេញ៖ លោក យី សុងគី ប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តបាត់ដំបង លោក ខែម រស្មី ស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន ឌូវី អ៊ីនធើណេសិននល លោក Hajime Saito ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិន និងលោកបណ្ឌិត តាកាក់មីស៊ី ហូស៊ីកុ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូ ពិភពលោកនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ អញ្ជើញចូលរួមវិធីបិទវគ្គ បណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលតុងហ្គីលម៉ូដូ ដើម្បីការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិ២០២១ ខេត្តបាត់ដំបង ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភពីក្រសួង អប់រំយុវជន និងកីឡា។

លោក ចំរើន សុផល អគ្គលេខាធិការ សហព័ន្ធរាយការណ៍ថា វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដែលមានសិក្ខាកាម ចូលរួមចំនួន៣២នាក់និង មានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូមកពីបណ្តាលក្លិប នានានៅខេត្តបាត់ដំបង។ លទ្ធផល របស់ចៅក្រម អាជ្ញាកណ្ដាល ពិតជាបានមកពីការខិតខំហ្វឹកហាត់ដ៏ហ្មត់ចត់ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។

លោក យី សុងគី បាននិយាយថា ជាការពិតណាស់ រយៈពេល៥ថ្ងៃនៃវគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលនាពេលនេះ គឺជាការផ្ដល់ឱកាសឲ្យលោកគ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដល ទទួលបាន សមត្ថភាពពេញលេញក្នុងការត្រៀមលក្ខណៈសម្រាប់ ការរៀបចំការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកនាពេលខាងមុខនេះ។ នាពេលបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឱ្យគ្រប់វិស័យទាំងអស់មានការអភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះមានវិស័យកីឡាផងដែរ។

បើយើងគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល១ឆ្នាំប៉ុណ្ណោះ ហេតុនេះ ដើម្បីឲ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា និងការត្រៀមការប្រកួតកីឡា SEA GAMES 2023 ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។
លោក Hajime Saito ប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូប្រចាំឥណ្ឌូចិនបានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូ និងប្អូនៗទាំងអស់ខិតខំយកចិត្តទុកដាក់បន្ថែម និងផ្សព្វផ្សាយកីឡានេះឲ្យទៅកាន់បណ្ដាខេត្តឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។ ដោយធ្វើការពន្យល់អំពីសារសំខាន់របស់កីឡាតុងហ្គីលម៉ូដូ និងប្រវត្តិ ព្រមទាំងចក្ខុវិស័យលើកស្ទួយកីឡាតុងហ្គីលម៉ូដូ ក្នុងការចូលរួមការប្រកួតSEA GAMES ខាងមុខនេះ៕
