កីឡា

ការប្រកួតការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ចាប់ផ្តើមនាព្រឹកថ្ងៃទី២៥ មីនា នៅកម្ពុជា

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ (The 9th South East Asian Karate Championship 2022) លើកទី៩ ដោយមាន៩ប្រទេសចូលរួម រួមទាំងម្ចាស់ផ្ទះកម្ពុជា នឹងចាប់ផ្តើមការប្រកួតជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជាចាត់ទុកថា ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩នេះជាលើកដំបូងសម្រាប់ការទទួលរៀបចំធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ហើយនេះក៏ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់របស់ក្រុមអត្តពលិកការ៉ាតេកម្ពុជា ក៏ដូចជាអត្តពលិកក្នុងអាស៊ីអាគ្នេយ៍ទាំងមូលបង្កើនបច្ចេកទេសត្រៀមចូលរួមប្រកួត SEA GAMES នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ។ ជើងឯកអាស៊ីអាគ្នេយ៍នេះក៏ជារឿងដ៏សំខាន់ បំផុតសម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ទាំងការរៀបចំគ្រប់គ្រង និងទាំងការសម្រួចបច្ចេកទេសទៀតផង។

លោកបានបន្តថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រយៈពេល៣ថ្ងៃនេះ គឺមានអត្តពលិកចូលរួម ៩ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ខណៈមីយ៉ាន់ម៉ា និងទីម័រខាងកើតមិនចូលរួម។ ៩ប្រទេសនេះមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងសរុប ១២១នាក់ ក្នុងនោះកម្ពុជាមាន២០នាក់។
សហព័ន្ធកីឡាការ៉ាតេកម្ពុជាចាត់ទុកថា ការរៀបចំសន្និបាតនេះទទួលបានលទ្ធផលជាផ្លែផ្កា ព្រមជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីម្ចាស់ផ្ទះ កម្ពុជា។ លទ្ធផលនៃសន្និបាតនេះ គឺសមាជិកអាស៊ីអាគ្នេយ៍បានបោះឆ្នោតគាំទ្រប្រធានសហព័ន្ធអាណត្តិថ្មី មកពីប្រទេសវៀតណាម គឺលោក Vu Son Ha ខណៈលោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធការ៉ាតេកម្ពុជាបានជាប់ឆ្នោតជាអនុប្រធានទី៣ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ និងឯកឧត្តម ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង សហព័ន្ធការ៉ាតេកម្ពុជា ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍៕ដោយ៖លី ភីលីព

Most Popular

To Top