កីឡា

កីឡាករ-កីឡាការិនី១២១នាក់ ចូលរួមការប្រកួតការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ ក្នុងនាមម្ចាស់ផ្ទះ

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ (The 9th South East Asian Karate Championship 2022) លើកទី៩ ចាប់ផ្តើមការប្រកួតជាផ្លូវការ ហើយ ជ្ឈមណ្ឌលហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមាន ៩ ប្រទេសចូលរួមរួមទាំងម្ចាស់ផ្ទះកម្ពុជា ក្នុងនោះក្រុមអត្តពលិកទំាងអស់ ចំនួន១២១នាក់ ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ នេះជាលើកដំបូង សម្រាប់ការទទួលរៀបចំ ធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ហើយនេះក៏ជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់ របស់ក្រុមអត្តពលិកការ៉ាតេកម្ពុជា ក៏ដូចជាអត្តពលិកក្នុងអាស៊ីអាគ្នេយ៍ ទាំងមូលបង្កើនបច្ចេកទេស ត្រៀមចូលរួមប្រកួត SEA GAMES នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ ។

ជើងឯកអាស៊ីអាគ្នេយ៍នេះក៏ជារឿងដ៏សំខាន់ បំផុតសម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ទាំងការរៀបចំគ្រប់គ្រង និងទាំងការសម្រួចបច្ចេកទេសទៀតផង ។
ការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រយៈពេល៣ថ្ងៃនេះ គឺមានអត្តពលិកចូលរួម ៩ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ខណៈមីយ៉ាន់ម៉ា និងទីម័រខាងកើតមិនចូលរួម។ ៩ប្រទេសនេះមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងសរុប ១២១នាក់ ក្នុងនោះកម្ពុជាមាន២០នាក់ ។

សហព័ន្ធកីឡាការ៉ាតេកម្ពុជាចាត់ទុកថា ការរៀបចំសន្និបាតនេះទទួលបានលទ្ធផលជាផ្លែផ្កា ព្រមជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ បំផុតពីម្ចាស់ផ្ទះ កម្ពុជា។ លទ្ធផលនៃសន្និបាតនេះ គឺសមាជិកអាស៊ីអាគ្នេយ៍ បានបោះឆ្នោត គាំទ្រប្រធានសហព័ន្ធអាណត្តិថ្មី មកពីប្រទេសវៀតណាម គឺលោក Vu Son Ha ខណៈលោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធការ៉ាតេកម្ពុជា បានជាប់ឆ្នោតជាអនុប្រធានទី៣ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ និងលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង សហព័ន្ធការ៉ាតេកម្ពុជា ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធការ៉ាតេអាស៊ីអាគ្នេយ៍ ៕

Most Popular

To Top