កីឡា

ក្រុមវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុមបាល់ទាត់ និងបាល់ទះនារីស្រុកអង្គស្នូលគ្រងតំណែងជើងឯកនៃការប្រកួតកីឡាសិស្សមធ្យមសិក្សាខេត្តកណ្តាលឆ្នាំ២០២១-២០២២

ភ្នំពេញ៖ក្រុមវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុមបាល់ទាត់ និងបាល់ទះនារីស្រុកអង្គស្នូលដណ្តើមបានជើងឯកនៃការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០២១-២០២១ បន្ទាប់ពីទំាង២វិញ្ញាសានេះបានយកលើគូប្រកួតនៅទីលានរបស់ខេត្ត ដោយការប្រកួតចម្រាញ់រកកីឡាករ-កីឡាការិនី វ័យក្មេងចូលរួមការប្រកួត ទូទំាំងប្រទេស ដោយការប្រកួតនេះរៀបចំការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល តំណាងដ៏លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តកណ្តាល ប្រចាំឆ្នាំសិក្សា ២០២១-២០២២ជាផ្លូវការ ព្រមទំាំងថ្នាក់ដឹកនាំ មន្ទីអប់រំកាយ និងកីឡា ខេត្តកណ្តាល។
ក្រុមបាល់ទាត់វិទ្យាល័យហ៊ុន សែន សេរីភាព “ទីក្រុងតាខ្មៅ”បានយកឈ្នះក្រុមបាល់ទាត់ស្រុកពញាឮក្នុងលទ្ធផលបច្ចេកទេស ៤ទល់៣ដោយការប៉េណាល់ទី បន្ទាប់ពីការប្រកួត៩០នាទីក្រុមទំាងទទួលលទ្ធផលបច្ចេកទេស ១ទល់១នៅវគ្គផ្តាច់ព្រ័ត្រ។ ក្រុមបាល់ទាត់នារីស្រុកអង្គស្នូលបានយកឈ្នះលើកក្រុមបាល់ទាត់នារីស្រុកស្អាងក្នុងបច្ចេកទេសលទ្ធផល ៣ទល់២ នៅផ្តាច់ព្រ័ត្រដូច្នេះធ្វើឲ្យក្រុមបាល់ទាត់នារីស្រុកអង្គស្នូលគ្រងតំណែងជើងឯក ខណៈក្រុមបាល់ទាត់នារីស្រុកស្អាងជើងឯករង ចំណែកក្រុមបាល់ទាត់នារីស្រុកកណ្តាលស្ទឹងឈ្នះក្រុមបាល់ទាត់នារីអនុវិទ្យាល័យគោករមៀត “ស្រុកកណ្តាលស្ទឹង”ដណ្តើមចំណាត់ថ្នាក់លេខ៣នៅផ្តាច់ព្រ័ត្រ។

ក្រុមបាល់ទះនារីស្រុកអង្គស្នូល “កម្រងមធ្យមសិក្សាស្រុកអង្គស្នួល”បានយកឈ្នះក្រុមបាល់ទះនារី វិទ្យាល័យព្រែកស្លែង ៣សិតទល់១ ដូច្នេះធ្វើឲ្យក្រុមបាល់ទះនារីស្រុកអង្គស្នូលគ្រងតំណែងជើងឯក ក្រុមបាល់ទះនារី វិទ្យាល័យព្រែកស្លែងជើងឯករង និងអនុវិទ្យាល័យគោកត្រប់ជាប់ចំណាត់ថ្នាក់លេខ៣។
ការប្រកួតកីឡាសិស្សសិស្សមធ្យម សិក្សាជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំឆ្នាំ ២០២១-២០២២ថ្ងៃនេះការប្រកួតចាប់ផ្តើមហើយក្នុងនោះកីឡាបាល់ទះ បាល់ទាត់ និងបាល់បោះ ចំណែកកីឡាអត្តពលកម្ម និងប៉េតង់ចាប់ផ្តើមស្អែក នេះជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៥នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេសនាពេលខាងមុខនេះនៅភ្នំពេញ ។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២២ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF ។

ក្រុមកីឡាចំនួន១១ស្រុករួមមាន ៖ ស្រុកតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នូល ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកលើដែក ។ គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលការិយាល័យអប់រំកាយ និង កីឡាខេត្ត កណ្ដាលរៀបចំ ធ្វើជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ៕ដោយ៖លី ភីលីព

Most Popular

To Top