កីឡា

ប្រណាំកង់លក្ខណៈកម្សាន្តសប្បាយ នៃព្រឹត្តិការណ៍សង្រ្កាន្តខេត្តកណ្តាល ឆ្នាំនេះ មានអ្នកចួលរួមជាច្រើនរយនាក់

កណ្តាល៖នាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២២ដែលត្រូវជាថ្ងៃទី៣នៃឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្ត ខេត្តកណ្តាលឆ្នាំនេះ ដោយរដ្ឋបាលខេត្តកណ្តាល ដឹកនាំដោយលោក គង់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំនូវកម្មវិធី កម្សាន្តសប្បាយជាច្រើនបែបផែន ដើម្បីបង្ករលក្ខណៈងាយស្រួល ក្នុងការចួលរួមសប្បាយរបស់បងប្អូន ប្រជាពលរដ្ឋទូទៅ និងភ្ញៀវបរទេស នៅក្នុងទឹកដីខេត្តកណ្តាល នាឱកាសចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំខាលនេះ ។

ក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយជាច្រើនបែបផែន ដែលត្រូវបានរៀបចំ ដោយអាជ្ញាធរខេត្តកណ្តាល ក្នុងនោះក៏មានការប្រណាំងកង់ចម្ងាយ ៣0គីឡូម៉ែត្រ ដោយមានការចូលរួមទាំងអ្នកអាជីព និងអ្នកមិនអាជីពជាង ២០០នាក់ ដែលជាការប្រណាំងបែបកម្សាន្តសប្បាយ នៃការអបអរឆ្នាំថ្មីដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល និងប្រធានមន្ទីរជាច្រើននាក់ទៀត។

លោកលោក ប្រាក់ សារ៉ាត បានមានប្រសាសន៍ថា ការចូលរួមប្រណាំងកង់របស់បងប្អូននៅពេលនេះ គឺបានបង្ហាញពីការចួលរួមលេងកីឡារបស់បងប្អូន ដើម្បីសុខភាពរឹងមាំ និងក៏បានបង្ហាញពីការចូលរួម បងប្អូនប្រជាពលរដ្ឋយើង ជាមួយនឹងអាជ្ញាធរខេត្ត ដើម្បីញ៉ាំងអោយមានភាពអធិកអធមឡើងថែមទៀតក្នុងកម្មវិធីសង្ក្រាន្តខេត្តកណ្តាល ឆ្នាំ២០២២នេះ ខណៈរយៈ២កន្លងទៅហើយ ដែលខេត្តកណ្តាល និងបណ្តាខេត្តដទៃទៀត ទូទាំងប្រទេសបានខកខានប្រារព្ធ ពិធីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទ្រង់ទ្រាយធំបែននេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ។ ឯកឧត្តមក៏សង្ឃឹមដែរថា តាមរយះព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្តាលឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវអន្តរជាតិ និងអ្នកវិនិយោគផងដែរ នឹងបានឃើញពីសក្តានុពល និងភាពរីកចំរើនឥតឈប់ឈរក្នុងទឹកដីខេត្តកណ្តាលទាំងមូល ក៏ដូចជាក្រុងតាខ្មៅក្រោមម្លប់សន្តិភាពបច្ចុប្បន្ន នៃការដឹកនាំប្រទេសប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។ 

លោកបន្តថា កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្តាលនេះ មានទាំងអ្នកអាជីព និងអ្នកមិនអាជីពជាង ២០០នាក់ចូលរួម ដោយប្រណាំងលើចំងាយផ្លូវ ៣០គីឡូម៉ែត្រ  ហើយចំណុចចាប់ផ្តើមចេញដំណើរគឺទីតាំងវេទិកាពិពណ៌សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ឆ្ពោះទៅវត្តឈូងលាភតាមផ្លូវលេខ២១ រួចជិះត្រឡប់មកទីតាំងវេទិកាវិញ ដែលជាគោលដៅបញ្ចប់ ខណៈអ្នកទទួលបានជ័យលាភី គឺកំណត់យកពីលេខ ១ ដល់លេខ ៦ ដោយទទួលបានប័ណ្ណសរសើរ និងថវិកាលើកទឹកចិត្ត ៕ ដោយ៖លី ភីលីព

Most Popular

To Top