កីឡា

គួរឲ្យសោកស្តាយ! Cristiano Ronaldo បង្ហាញសារសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីកូនភ្លោះ ទើបកើតម្នាក់​របស់លោកបានស្លាប់

អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម ជនជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហោះសរសោកស្តាយ លើបណ្តាញផ្សព្វផ្សាយសង្គមយក្ស Instagram ថា កូនភ្លោះដែលទើបនឹងកើតម្នាក់របស់លោក បានស្លាប់ហើយ។

ខ្សែប្រយុទ្ធរបស់ក្រុម Manchester United បានសរសេរនៅលើសារបង្ហោះ ដែលចុះហត្ថលេខា ដោយមិត្តស្រីរបស់លោក គឺនាង Georgina Rodriguez ថា វាជារឿងសោកសៅបំផុតរបស់យើង ដែលយើងត្រូវប្រកាសថា ទារករបស់យើង បានទទួលមរណភាព។ វាគឺជាការឈឺចាប់ដ៏ធំបំផុត ដែលឪពុកម្តាយគ្រប់រូប អាចមានអារម្មណ៍។

កីឡាករ Ronaldo បានប្រកាសកាលពីឆ្នាំមុនថា គូស្នេហ៍មួយគូនេះកំពុងតែមានកូនភ្លោះ។ លោកបានសរសេរនៅលើបណ្តាញសង្គមថា មានតែកូនស្រីបង្កើតរបស់យើងទេ ដែលផ្តល់ឲ្យយើង នូវកម្លាំងដើម្បីរស់នៅពេលនេះ ជាមួយនឹងក្តីសង្ឃឹម និងសុភមង្គល។

សារបង្ហោះបានបន្ថែមថា យើងទាំងអស់គ្នា មានការសោកស្ដាយ ចំពោះការបាត់បង់នេះ ហើយយើងសូមសុំភាពឯកជន ក្នុងពេលដ៏លំបាកនេះ។ កូនរបស់យើង អ្នកគឺជាទេវតារបស់យើង ហើយយើងនឹងស្រឡាញ់អ្នកជានិច្ច។ចំពោះ Ronaldo មានកូន៤នាក់ រួចមកហើយ៕ ដោយ៖លី ភីលីព

Most Popular

To Top