កីឡា

ក្រុមយុវជន អធិរាជជ្រោយពិសី ប៉ះក្រុមយុវជនឃុំសារិកាកែវ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ មិត្តភាព យុវជនស្រុកល្វាឯម ២០២២នៅរសៀលនេះ

ស្រុកល្វាឯម៖ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ក្រុមជើងខ្លាំងទាំង៤ក្រុម ត្រូវប៉ះគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតពានរង្វាន់បាល់ទាត់ មិត្តភាពយុវជនស្រុកល្វាឯម ២០២២ដោយការប្រកួតប្រព្រឹត្តិទៅនៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំងក្នុងស្រុកល្វាឯម។

ក្រុមបាល់ទាត់ យុវជន អធិរាជជ្រោយពិសី ប្រកួតជាមួយក្រុមបាល់ទាត់យុវជនឃុំសារិកាកែវ និងក្រុមបាល់ទាត់យុវជន ឃុំអរិយក្សត្រប៉ះក្រុមបាល់ទាត់យុវជន ឃុំកោះរះ ចំពោះក្រុមដែលឈ្នះនាថ្ងៃនេះនឹងឡើង ទៅដណ្តើមជើងឯកការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព យុវជនស្រុកល្វាឯម ២០២២ ហើយក្រុមចាញ់នឹងដណ្តើមយកចំណាត់ថ្នាក់លេខ៣ ។

ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាព យុវជនស្រុកល្វាឯម ២០២២មានក្រុមចូលរួមចំនួន ១៧ ក្រុមបែងចែកចេញជា៤ពូល ចំណែកពូល “A” មាន៥ក្រុម ហើយ៣ពូលមាន៤ក្រុម ហើយការប្រកួតប្រព្រឹត្តិនៅទីលានបាល់ទាត់វិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង។ ចំពោះក្រុមទំាង១៧ មកពីឃុំទំាង១៥ មកនៅស្រុកល្វាឯមរួមមានក្រុមបាល់ទាត់ យុវជនអធិរាជជ្រោយពិសី ក្រុមបាល់ទាត់យុជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំថ្មគរ ក្រុមបាល់ទាត់ យុវជនវត្តពោធិ៍មាស ក្រុមបាល់ទាត់ យុវជនឃុំអរិយក្សត្រ ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង ក្រុមបាល់ទាត់ យុវជនវិទ្យាល័យ ហ៊ុន សែន ល្វាសរ និងក្រុមបាល់ទាត់ យុវជនឃុំសារិកាកែវ។ 

រីឯក្រុមបាល់ទាត់យុវជនវិទ្យាល័យ ហ៊ុន សែន ពាមឧកញ៉ាអុង ក្រុមបាល់ទាត់យុវជនល្ខោនខោលវត្តស្វាយអណ្តែត ក្រុមបាល់ទាត់ យុវជនឃុំបឹងគ្រំ ក្រុមបាល់ទាត់ យុវជនឃុំព្រែករៃ ក្រុមបាល់ទាត់ យុវជនឃុំព្រែកឬស្សី ក្រុមបាល់ទាត់ យុវជនក្មេងវត្តល្វាសរ ក្រុមបាល់ទាត់យុវជនឃុំកោះកែវ ក្រុមបាល់ទាត់យុវជនឃុំសំបួរ និងក្រុមបាល់ទាត់យុវជនឃុំកោះរះ៕ ដោយ៖លី ភីលីព

Most Popular

To Top