កីឡា

តំបន់​ប្រយុទ្ធ​របស់ City កាន់​តែ​ខ្លាំង ក្រោយ​ខិត​ជិត​ទិញ​បាន Haaland ពី Dortmund

Manchester City គ្រោង​​ប្រកាស​ព័ត៌មាន​ក្នុង​ការ​ទិញ​បាន Erling Haaland ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ បន្ទាប់​ពី​និយាយ​​តម្លៃ​ខ្លួន​ត្រូវ​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund។

Haaland វ័យ​២១​ឆ្នាំ ​​​បាន​ក្លាយ​ជា​គោលដៅ​ទី​មួយ ​របស់​លោក Pep Guardiola ជា​យូរ​មក​ហើយ ខណៈ​ពេល​នេះ City បាន​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​​៦៣​លាន​ផោន​ ដើម្បី​ទិញ​គេ​ផ្ដាច់​ពី Dortmund។ Haaland ត្រូវ​បាន Dortmund ផ្ដល់​ពេលវេលា ​សម្រាក​កាល​​ពី​ថ្ងៃ​ច័ន្ទ ហើយ​គេ​ជឿជាក់​ថា រូប​គេ​បាន​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​នៅ​​ឯ​ទីក្រុង Brussels ប្រទេស​បែលហ្ស៊ិក​ ដើម្បី​ត្រៀម​មក​ City។

ប្រភព​ពី​ប្រទេស​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​រវាង​ City និង​ខាង​ Haaland បាន​​​សម្រេច​កាល​ពី​សប្ដាហ៍​មុន ដោយ​កីឡាករ​សញ្ជាតិ​ន័រវេស ​រំពឹង​នឹង​ទទួល​បាន​៤០​​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ ដំណើរ​ការ​ផ្ទេរ​​កំពុង​​រៀបចំ ប៉ុន្តែ​ការចូលរួម​​របស់​​ Haaland មក​កាន់​កីឡដ្ឋាន Etihad Stadium ​អាច​នឹង​​ត្រូវ​​ប្រកាស​ក្នុង​សប្ដាហ៍​នេះ។

រក​បាន​៨៥​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​៨៨​ប្រកួត​ Haaland នឹង​ធ្វើ​ការ​លា​អ្នក​គាំទ្រ Dortmund បន្ទាប់​ពី​ការ​ប្រកួត​ចុងក្រោយ​របស់​ពួក​គេ​នៅ Bundesliga ទល់​នឹង Hertha Berling នៅ​ចុង​សប្ដាហ៍​នេះ៕ Source: Sabay

Most Popular

To Top