ខ្សែបម្រើប្រយុទ្ធ Anthony Martial នឹងត្រលប់មកកាន់ Manchester United វិញ បន្ទាប់ពី Sevilla បដិសេធក្នុងការចុះកុងត្រាផ្ទេរយករូបគេ។
កីឡាករសញ្ជាតិបារាំងចូលរួមជាមួយ Sevilla ក្រោមលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកន្លងទៅ។ ប៉ុន្តែគេខកខានមិនបានលេងដល់ទៅ៦ប្រកួតដោយសាររបួស និងរកបានតែ១គ្រាប់គត់ ហើយថែមទាំងត្រូវអ្នកគាំទ្រស្រែកចំអកឲ្យទៀត។
ពេលនេះ Sevilla បានបញ្ជាក់ថា ពួកគេនឹងមិនពិចារណាទិញយក Martial ឡើយ។ ប្រធានក្លឹបរបស់ Sevilla លោក Jose Castro បាននិយាយថា Martial នឹងត្រលប់ទៅកាន់ Man United វិញ។ ក្លឹបបានចំណាយលុយដ៏សំខាន់លើរូបគេ ប៉ុន្តែវាមិនមានផលសោះ។ ហើយដោយសារគេមានរបួសច្រើនផង ដូច្នេះក្លឹបនឹងមិនសម្រេចចិត្តទិញគេឡើយ។
Sevilla ដែលបញ្ចប់លេខ៤ក្នុង La Liga រដូវកាលនេះត្រូវបានគេដឹងថា បានជួយចេញ៤០%នៃថ្លៃពលកម្មរបស់ Martial ដែលទទួលបាន២៤ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ United។ នេះមានន័យថា Sevilla បានជួយចេញ៩៦ ០០០ផោនជារៀងរាល់សប្ដាហ៍៕ Source: Sabay