កីឡា

Mane ធ្វើ​ឲ្យ​អ្នក​គាំទ្រ Liverpool បុក​ពោះ ក្រោយ​ថា​នឹង​សម្រេច​អនាគត ​ពេល​លេង UCL ចប់

Sadio Mane បាន​​លើក​ជា​សញ្ញា​សួរ​ក្នុង​ក្លឹប​ Liverpool ដោយ​បាន​និយាយ​ថា គេ​នឹង​ប្រាប់​ពី​គម្រោង​នៃ​អនាគត បន្ទាប់​ពី​លេង​វគ្គ​​ផ្ដាច់ព្រ័ត្រ Champions League ចប់​នៅ​សប្ដាហ៍​នេះ ។

Liverpool នឹង​ត្រូវ​ប្រឈម​មុខ ​ជាមួយ Real Madrid ក្នុង​ទីក្រុង​ប៉ារីស​ នៅ​​យប់​ថ្ងៃ​សៅរ៍​ ឈាន​ចូល​ថ្ងៃ​អាទិត្យខាងមុខ ។ ហើយ​ក៏​ជា​ការ​ប្រកួត​សងសឹក​រវាង​ក្រុម​ទាំង​ពីរ​ដែល​ធ្លាប់​ប៉ះ​គ្នា ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​កាល​ពី​ឆ្នាំ​២០១៨ ពេល​នោះ Real បាន​ឈ្នះ ៣-១ ។

ជាមួយ​​គ្នា​នេះ Mane ​ដែល​កំពុង​មាន​ការ​ទាក់ទង​​ផ្ទេរ​ចេញ​ពី Anfield បាន​កំណត់ពេលវេលា ដោយ​និយាយ​ថា ​គេ​នឹង​​ប្រកាស​ពី​អនាគត​របស់​ខ្លួន ក្រោយ​ប្រកួត​ជាមួយ Madrid ចប់។ ផ្ទុយ​ពី Mane មិត្តរួម​ក្រុម Mohamed Salah បាន​និយាយ​រក្សា​ជំហរ​ថា គេ​នឹង​បន្ត​នៅ Liverpool នៅ​ឆ្នាំ​ក្រោយ។

“ច្បាស់​ណាស់ វា​នឹង​​ពិសេស​ដើម្បី​ឈ្នះ និង​លើក​ពាន​ជា​លើក​ទី​៧​សម្រាប់​ក្លឹប ។ ហើយ​សំនួរ​ពី​អនាគត​របស់​ខ្ញុំ​ ខ្ញុំ​នឹង​ផ្ដល់​ចម្លើយ​ បន្ទាប់​ពី Champions Leagueថា នៅ​ឬ​មិន​នៅ ។ ខ្ញុំ​នឹង​ឆ្លើយ​ពេល ក្រោយ UCL” ។ សម្ដី​របស់ Mane ។ កីឡាករ​វ័យ​៣០​ឆ្នាំ​សញ្ជាតិ​សេណេហ្គាល់​​បាន​ឈាន​ចូល​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចសន្យា​ហើយ​ជាមួយ Liverpool ហើយ​​កន្លង​ទៅ​មាន​ការ ​ទាក់ទង​ចង់​បាន​ពី Bayern Munich៕

Most Popular

To Top