កីឡា

រាជរដ្ឋាភិបាល អនុញ្ញាតរៀបចំ ស្វាគមន៍ពានរង្វាន់ បាល់ទាត់ពិភពលោក “FIFA WORLD CUP-Trophy Tour

លោកវ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានមានប្រសាសន៍ថា ដោយបានការអនុញ្ញាត ពីរាជរដ្ឋាភិបាល គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា បើកដំណើរមកដល់ នៃពានរង្វាន់បាល់ទាត់ពិភពលោក “FIFA WORLD CUP-Trophy Tour នឹងមកដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា តាមជើងហោះហើរឯកជន ពិសេស “Private Jet” នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ។

លោកបានបន្តថា ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ មានមោទនភាពជាតិ ដ៏វិសេសវិសាល ដែលបានទទួលព្រឹត្តិការណ៍ ដំណើរគោចរពានរង្វាន់ បាល់ទាត់ពិភពលោក លើកទី១ មកដល់កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ដើម្បីអបអរសាទរការប្រកួត កីឡាបាល់ទាត់ដណ្ដើម ពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា ។

កម្មវិធីសំខាន់ៗ អំឡុងពេលពានរង្វាន់ បាល់ទាត់ពិភពលោក មកដល់ ព្រះរាជាណាចក្រកម្ពុជា រួមមាន ក្បួនដង្ហែពានរង្វាន់ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព ។ ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។

ពិធីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់ពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រី សម័យកំដរផងដែរ ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងយុវជន-យុវនារី អ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់ ចូលរួម អបអរសាទរ ឲ្យបានច្រើនកុះករ និងមោទនភាពជាតិ ដោយក្តីស្មោះសរ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ៕

Most Popular

To Top