កីឡា

កីឡា៩ប្រភេទ ចាប់ផ្តើមការប្រកួត ជាផ្លូវការ នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ៖ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ប្រភេទកីឡាចំនួន ៩ ក្នុងចំណោមកីឡា ១២ ប្រភេទបានចាប់ផ្តើមការជាផ្លូវការនៃព្រឹតិ្តការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ នៅតាមទីលានប្រកួត រួមមានពហុកីឡដ្ឋានជាតិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងវិទ្យាស្ថានអប់រំកាយ និងកីឡា។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាបាននិយាយថា ថ្ងៃនេះកីឡាចំនួន៩ចាប់ផ្តើមតាមទីលានរៀងៗខ្លួនការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែមិថុនា នៅរាជធានីភ្នំពេញ ដោយធ្វើការប្រកួតទៅលើវិញ្ញាសា ចំនួន ៨៨វិញ្ញាសា និងប្រភេទកីឡាចំនួន ៩ រួមមានអត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) ការ៉ាតេ និងសីប៉ាក់តាក្រ។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ (ITF)កម្ពុជាបាននិយាយថា ការប្រកួតមានសាកលវិទ្យាល័យចូលរួមចំនួន៧ គឺខេមអេដ ប៊ីសសនីសស្គូល សាកលវិទ្យាល័យជា ស៊ីម កំចាយមារ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្ត្រ សាកលវិទ្យាល័យវេស្ទើនកំពង់ចាម និងសាកលវិទ្យាល័យមានជ័យ ។ ចំពោះកីឡាករ-កីឡាការិនីចូលរួមចំនួន៦៩នាក់ ក្នុងនោះកីឡាករ៣៥នាក់ និងកីឡាការិនី ២៦នាក់លើក ១៣វិញ្ញាសា។

លោក ជាតិ ខេមរា អនុប្រធានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT បាននិយាយថា ការប្រកួតឆ្នាំនេះមាន ២វិញ្ញសាធំៗគឺវិញ្ញាសាសម្តែង និងប្រយុទ្ធ ចំណែកកីឡាករមាន៧វិញ្ញាសា រីឯកីឡាការិនីមាន៦វិញ្ញាសាសរុប ១២ វិញ្ញាសា។ កីឡាករ-កីឡាការិនីសាកលវិទ្យាល័យជាច្រើនដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប វិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ បច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានអប់រំកាយ និងកីឡា បញ្ញាសាស្រ្តអន្តរជាតិខេត្តកណ្តាល៕

Most Popular

To Top