ខ្សែប្រយុទ្ធ Sadio Mane បានក្លាយជាកីឡាករ ដែលមានថ្លៃពលកម្ម ខ្ពស់ជាងគេម្នាក់លើលោក បន្ទាប់ពីចាកចេញពី Liverpool ទៅចូលរួមជាមួយ Bayern Munich។
ផ្អែកតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Bild បានចុះផ្សាយថា Mane នឹងទទួលបានថ្លៃពលកម្ម ១៧លានផោន ក្នុងមួយឆ្នាំនៅ Bayern ក្រោយចុះកុងត្រា រហូតដល់ឆ្នាំ២០២៥។ ហង្សក្រហមបានយល់ព្រម លក់កីឡាករសញ្ជាតិសេណេហ្គាល់ ទៅឲ្យ Bayern ក្នុងតម្លៃខ្លួន២៧,៤លានផោន ហើយអាចឡើងដល់៣៥លានផោន អាស្រ័យលើការបង្ហាញខ្លួន បូករួមសមិទ្ធផលបុគ្គលនិងក្រុម។
Bild បានបញ្ជាក់ថា Mane អាចរកចំណូលបាន ចន្លោះ៥ទៅ១០លានផោនក្នុងមួយឆ្នាំៗ នៅ Liverpool។ ប៉ុន្តែពេលនេះគេអាចរកបានដល់ទៅ១៧លានផោនក្នុងមួយឆ្នាំជាមួយ Bayern។ មានពាក្យលេចឮថា Mane បានទាមទារសុំ Liverpool តំឡើងប្រាក់ពលកម្ម ដើម្បីបន្តនៅ។ ប៉ុន្តែភ្នាក់ងាររបស់កីឡាករវ័យ៣០ឆ្នាំ បានច្រានចោលព័ត៌មាននេះ ដោយលើកឡើងថា កីឡាកររបស់ខ្លួនចាកចេញដោយចង់ស្វែងរកបទពិសោធន៍ថ្មី។
រយៈពេល៦រដូវកាលរួមរស់ជាមួយហង្សក្រហម Mane បានជួយក្រុមឈ្នះពានធំៗជាច្រើនដូចជា Premier League, FA Cup, League Cup, Champions League, UEFA Super Cup និង FIFA Club World Cup៕ Sabay: Sabay