ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២ បានរៀបចំកម្មវិធីអប់រំ ផ្សព្វផ្សាយគុណតម្លៃ កីឡាអូឡាំពិក (OLYMPIC VALUE AND EDUCATION) និងដំណើរឆ្ពោះ ទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅវិទ្យាល័យចំនួន២ នៅរាជធានីភ្នំពេញ ។

លោក ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)បាននិយាយថា សម្រាប់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានចុះមកវិទ្យាល័យ បាក់ទូក ដើម្បីផ្សព្វផ្សាយគុណតម្លៃ កីឡាអូឡាំពិក និងដំណើរឆ្ពោះ ទៅការប្រកួតកីឡា SEA GAMES លើកទី៣២ ដោយមានការចូលរួម សិស្សានុសិស្ស ចូលរួមចំនួន៥០នាក់ ។ ការចូលរួមរបស់សិស្សានុសិស្ស ឲ្យយល់ដឹង ទី១ពីគុណតម្លៃ អត្ថប្រយោជន៍ នៃគោលបំណងការរៀបចំ សម្រាប់កីឡាអូឡាំពិក និងការប្រកួតកីឡា SEA GAMES ជាប្រធានបទសំខាន់ក្នុងផ្សព្វផ្សាយ ដល់សិស្សានុសិស្ស និងកីឡាករ-កីឡាការិនីវ៉ូស៊ូ ឲ្យកាន់តែយល់ដឹងច្បាស់ ។

លោកបានបន្តថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នឹងបន្តរៀបចំ នៅវិទ្យាល័យ ទួលស្វាយព្រៃ ដោយនឹងមានសិស្សានុសិស្ស ចំនួន៥០នាក់ចូលរួមផងដែរ ក្រោយពីបញ្ចប់បេសកកម្ម នៅវិទ្យាល័យ ទួលស្វាយព្រៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គ្រោងស្នើសុំធ្វើសកម្មភាព ព្រោះយើងមាន រយៈពេលជិត ៣០០ថ្ងៃទៀតដើម្បីផ្សពផ្សាយការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាម្ចាស់ផ្ទះ។


