ខេត្តកណ្តាល ៖ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធ កីឡាតេក្វាន់ដូ WT បានមានប្រសាសន៍ថា ការបង្កើតក្លិបកីឡាតេក្វាន់ដូ WT នៅតាមសាលារៀនរដ្ឋ គឺ ជាចក្ខុវិស័យ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានខេមរ សហព័ន្ធតេក្វាន់ដូ និងថ្នាក់ដឹកនាំខេមរ សហព័ន្ធដើម្បីឲ្យប្រភេទកីឡាតេក្វាន់ដូ មានការរីកចម្រើន និងអ្នកហ្វឹកហាត់ ឲ្យបានច្រើននៅទូទាំងប្រទេសកម្ពុជា។

លោអគ្គលេខាធិការបន្តថា នៅតាមតំបន់ និងពិភពលោក ប្រភេទតេក្វាន់ដូ WT ជាប្រភេទកីឡាចាំបាច់បំផុត សម្រាប់សិស្សានុសិស្ស ចាប់ពីអាយុ៣ឆ្នាំ រហូតដល់១៨ឆ្នាំមិនថា ប្រទេសកូរ៉េខាងត្បូង អឺរ៉ុប ទ្វីបអាហ្វ្រិក គ្រប់សាលារៀនជាតិ និងឯកជនទូទាំងពិភពលោក ដោយមានកីឡាករ-កីឡាការិនី ជាង២០លាននាក់ កំពុងហ្វឹកហាត់កីឡា អូឡាំពិកនេះ។ ប្រភេទតេក្វាន់ដូ WT ចែកចេញជា២ផ្នែក គឺមួយមេគុន ដែលបង្ហាត់ពីវិន័យ ភាពថ្លៃថ្នូរ ការគោរពទៅវិញទៅមក ជាពិសេសកម្លាំងចិត្ត ដោយជួយពង្រឹងស្មារតី។

លោកបណ្ឌិត ជ្រិន សុធា បន្ថែមទៀតថា ចក្ខុវិស័យកីឡាតេក្វាន់ដូ WT នឹងធ្វើការបណ្តុះបណ្តាលនៅតាមបណ្តាល ដូចជាខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ និងខេត្តថែមទៀត ។ ចំណែកក្លិបកីឡាតេក្វាន់ដូ WT វិទ្យាល័យ ហ៊ុន សែន សេរីភាពបង្កើតឡើង ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍកីឡា និងបំផុសប្រភេទតេក្វាន់ដូ WT ឲ្យផ្តល់សិស្សានុសិស្ស នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល និងផ្តល់ឱកាសដល់និស្សិត បានចូលរួមប្រកួតប្រជែង ដើម្បីជ្រើសរើសសិស្សមានទេពកោសល្យ តំណាងខេត្តកណ្តាល និងជាតិចូលរួមប្រកួតកីឡា សកលវិទ្យាល័យជាតិ និងអន្តរជាតិ ។

យើងនឹងខិតខំប្រឹងប្រែង ឈរលើស្មារតីទទួលខុសត្រូវ ការគោរពវិន័យ គោរពបទបញ្ជាបច្ចេកទេស ចេះយោគយល់ អធ្យាស្រ័យ ទើបអាចផ្សារភ្ជាប់យ៉ាង ជិតស្និទ្ធនូវចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ដែលជាគំរូមួយដ៏ល្អប្រសើរ សម្រាប់ប្រទេសជាតិយើង និងជៀសផុតពីអំពើអសកម្ម ផ្សេងៗនៅក្នុងសង្គម ៕ដោយ៖លី ភីលីព

