កីឡា

លោកបណ្ឌិត ជ្រិន សុធា ៖ វគ្គនេះធ្វើឡើង សម្រាប់បណ្តុះបណ្តាល ធនធានបន្ថែមទៀត ដើម្បីផ្សព្វផ្សាយប្រភេទ កីឡាតេក្វាន់ដូ WT នៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ

ភ្នំពេញ ៖ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធតេក្វាន់ដូ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាល មេគុនតេក្វាន់ដូ WT ថ្នាក់មូលដ្ឋានតិឆ្នាំ២០២២ នៅអាគារប៊ូយ៉ុងខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WT ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភក្រសួងអប់រំ យុវជន និងកីឡា ។

លោក គង់ សក្ខិដា អគ្គលេខាធិការរង សហព័ន្ធ បានមានប្រសាសន៍ថា វគ្គខាងលើនេះ មានសិក្ខាកាម ជាង៤៨នាក់ចូលរួម ដើម្បីពួកគេឲ្យក្លាយ គ្រូបង្វឹកមេគុន កីឡាប្រភេទនេះ នៅតាមសាលារៀរដ្ឋ និងក្លិបតាមបណ្តាលខេត្តនានា មកពី៧រាជធានីខេត្តក្រុងរួមមាន ខេត្តបាត់ដំបង ខេត្តសៀបរាម កណ្តាល ព្រៃវែង ប៉ៃលិន កំពង់ចាម និងភ្នំពេញមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។សម្រាប់គ្រូឧទ្ទេសវិញមានចំនួន ៤ នាក់ គឺលោកគ្រូធំ ជនជាតិកូរ៉េខាងត្បូង ឆយ យ៉ុងសុក លោក ហែម សំណាង លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ និង លោក ជាតិ ខេមរា ព្រមទំាងមន្រ្តីសម្របសម្រួល និងជំនួយការ ៣នាក់ទៀត ។

លោកបានបន្តថា វគ្គនេះមានគោលបំណង ក្នុងការអភិឌ្ឍន វិស័យកីឡាតេក្វាន់ដូ WT នៅប្រទេសកម្ពុជា ព្រមទំាងជាផែនការមេ របសប្រធាន ខេមរសហព័ន្ធជំរុញ ពង្រីកកីឡាមួយនេះ មានទូទំាងប្រទេស និងត្រៀមដាក់បញ្ជូនលើកការសិក្សាតាមសាលារដ្ឋ ។ ជាលទ្ធផលរួមមាន និទ្ទេសល្អចំនួន ១០នាក់ (ស្រី ០៤នាក់) ស្មើ ២០ ភាគរយ និទ្ទេសល្អបង្គួរចំនួន ១៤នាក់ (ស្រី ០៣នាក់) ស្មើនឹង ៣០ភាគរយ និងនិទ្ទេសមធ្យម ចំនួន ២៤នាក់ (ស្រី ០៦នាក់) ស្មើនឹង ៥០ភាគរយ ។

លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា តំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងក្នុងនាមខ្ញុំផ្ទាល់សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធបានរៀបចំ វគ្គបណ្តុះបណ្តាលមេគុន កីឡាតេក្វាន់ដូ WT ថ្នាក់មូលដ្ឋាន ប្រចាំឆ្នាំ២០២២ រយៈពេលប៉ុន្មានថ្ងៃនេះធ្វើឲ្យវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅបានរលូន ដោយសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីក្រេបយកចំណេះដឹង រួមទាំងបទពិសោធន៍ថ្មីៗ ពីគ្រូឧទ្ទេស នាពេលនេះ។

លោកបន្តថា ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និង អរគុណដល់ការខិតខំបឹ្រងប្រែង របស់សមាជិក គណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធទាំងអស់ ក្នុងការបណ្តុះបណ្តាលធនធានកីឡាតេក្វាន់ដូ WT សម្រាប់បន្តវេនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយប្រភេទកីឡាតេក្វាន់ដូWTកម្ពុជា ឲ្យបានទូលំទូលាយ ទៅដល់សាធារណជនទូទៅ គ្រប់ស្រទាប់វណ្ណៈ និងទូទាំងរាជធានី-ខេត្ត នាពេលអនាគត។ ការរៀបចំវគ្គបណ្តុះបណ្តាល មេគុនកីឡាតេក្វាន់ដូថ្នាក់មូលដ្ឋាន នាពេលនេះ គោលដៅ គឺចង់ឲ្យប្អូនៗសិក្ខាកាមទាំងអស់ យកទៅហាត់រៀន និងបង្ហាត់នៅតាមទីតាំងរៀងៗខ្លួន សម្រាប់ត្រៀមចូលរួម កម្មវិធីប្រកួតកីឡាតេក្វាន់ដូWTនានា ទាំងថ្នាក់ជាតិ និងអន្តរជាតិ ។

លោកបន្តថា វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបាន ដោយការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុង ការជួយពន្លឿន ខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកមេគុនតេក្វាន់ដូ ថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាដើមសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាSEA GAMES លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួមក្នុង កម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា ៕

Most Popular

To Top