កីឡា

លោក ស៊ាន បូរ៉ាត ៖ ការប្រកួតនេះ មានគោលបំណងសំខាន់ ដើម្បីពង្រឹងបច្ចេកទេស កីឡាករ-កីឡាការិនី តាមបណ្ដាក្លិបនានា

ភ្នំពេញ ៖ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ និងប្រធានសហព័ន្ធ កីឡាបាល់បោះកម្ពុជា និងលោក ប៉ែន រុទ្ធី អនុនាយកដ្ឋានអប់រំកាយ និងកីឡាទទួលបន្ទុករួម នាថ្ងៃទី១៥ ខែមករា ២០២៣ បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាបាល់បោះ ៣ទល់នឹង ៣ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២២ នៅទីលានបាល់បោះ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ក្នុងនាមប្រធានសហព័ន្ធ សូមឲ្យតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ ដែលបានគាំទ្រ ដល់ការអភិវឌ្ឍន៍ សកម្មភាពកីឡាបាល់បោះ និង សូមអរគុណចំពោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានផ្តល់ទីលាន សម្រាប់រៀបចំការប្រកួត ក៏ដូចជាហ្វឹកហាត់ កីឡាបាល់បោះ ។ ការប្រកួតកីឡា បាល់បោះជ្រើសរើសជើងឯក ថ្នាក់ជាតិនេះគឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់របស់សហព័ន្ធ និងជាការពង្រឹង គុណភាពការប្រកួតស្រប តាមស្ដង់ដារអន្តរជាតិ ។

ការប្រកួតនេះ មានគោល បំណង សំខាន់ដើម្បីពង្រឹងបច្ចេកទេស កីឡាករ-កីឡាការិនីតាមបណ្ដាក្លិបនានា និងផ្ដល់ ឱកាសដល់ក្រុម អត្តពលិក ទទួលបានបទពិសោធន៍បន្ថែម និង ជាវេទិកាមួយសម្រាប់ពិនិត្យជ្រើសរើស អត្តពលិកសក្ដានុពល និងជាការផ្ដល់ឱកាស សម្រាប់មន្ត្រីបច្ចេកទេស ទទួលបានបទពិសោធន៍ លើការរៀបចំការប្រកួតត្រៀម លក្ខណៈទៅការប្រកួតកីឡា SEA GAMRES ឆ្នាំ២០២៣ ។

លោកប្រធានបន្តថា ម៉្យាង ទៀត ក្មួយៗ ជាអត្តពលិក ព្រមទាំងអ្នកដឹកនាំក្រុមត្រូវចងចាំថា យើងអាចមាន ពេលវេលា ចូលរួមប្រកួតកីឡា ដើម្បីភាពសប្បាយ រីករាយ ក្នុងឱកាសនេះ ដោយសារយើងមានសន្តិភាព និងការអភិវឌ្ឍ នាំមក ដោយរាជរដ្ឋាភិបាលកម្ពុជា មានសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំអស់ពីកម្លាំងកាយចិត្ត និងអនុវត្តគោល នយោបាយឈ្នះៗ ធ្វើឱ្យព្រះរាជា ណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាពពេញលេញ ហើយដោយសារសន្តិភាពនេះហើយ ទើបព្រះ រាជាណាចក្រកម្ពុជាទទួលបានការអភិវឌ្ឍគ្រប់វិស័យ និងទទួលបានឱកាសធ្វើសកម្មភាពសង្គមនានា ពិសេសវិស័យកីឡា ពោលគឺកីឡារស់ក្នុងសន្តិភាព ។ ដូចនេះយើងទាំងអស់គ្នាត្រូវចូលរួមបន្តថែរក្សា សន្តិភាពនេះឲ្យបានគង់វង្ស និងគាំទ្រដល់រាជរដ្ឋាភិបាលបន្តទៀត ។

ការប្រកួតកីឡាបាល់បោះ ៣ ទល់ ៣ ខាងលើកនេះ មានក្រុមចូលប្រកួតសរុប ២៦ ក្រុមកីឡាការិនីមាន ៦ក្រុម និងក្រុមកីឡាករមាន ២០ក្រុមដោយការប្រកួត មានរយៈពេល២ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ នៅសាលកីឡាបាល់បោះ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ៕

Most Popular

To Top