កីឡា

លោក ម៉ារ៉ា សុជាតិ៖ការប្រកួតប៊ីយ៉ាភូលពាន់រង្វាន់ LUX98-P00L 9-Ball Open 2022 ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាព និងស្មារតីរវាងកីឡាករបរទេស និងកម្ពុជា

ភ្នំពេញ៖នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការនៃសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាតំណាងឲ្យលោក ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា កញ្ញា ហេង ចាង ម្ចាស់ក្លិបកីឡាប៊ីយ៉ាភូល និងស្នូកយ័រ LUX98 កីឡាករ ថាយ តិចហុក និងកីឡាករ សួន ឆាយបានប្រកាសសន្និសីទកាសែតស្ដីអំពីរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាប៊ីយ៉ាភូលពាន់រង្វាន់ LUX98-P00L 9-Ball Open 2022 នៅក្លិបកីឡាប៊ីយ៉ាភូល និងស្នូកយ័រ LUX98 ។

លោក ម៉ារ៉ា សុជាតិ បានមានប្រសាសន៍ថា ក្រោមការដឹកនាំ និងជំរុញទិសដៅ របស់ប្រធានសហព័ន្ធ លោក ជុំ កុសល យើងបានរៀបចំបង្កើតសកម្មភាពប្រកួតផ្សេងៗទាំងថ្នាក់ជាតិ និងអន្តរជាតិដោយបើកឱកាសឲ្យអ្នកមានទេពកោសល្យផ្នែកកីឡាប៊ីយ៉ាភូល និងស្នូកឃ័រជាវិញ្ញាសាកីឡាដែលបានបញ្ចូលទៅក្នុងព្រឹត្តិការណ៍ SEA GAMES 2023 លើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ខាងមុខ ចូលរួមបញ្ចេញសមត្ថភាព ដើម្បីក្លាយខ្លួនជាកីឡាករតំណាងជាតិ តំណាងក្លិបផ្សេងៗតាមរយៈព្រឹត្តិការណ៍កីឡាជាតិ នៅខែវិច្ឆិកា ឆ្នាំ២០២២នេះដែរ ។

លោកបានបន្តថា សហព័ន្ធមានវិញ្ញាសាច្រើនប្រភេទតែថ្ងៃនេះយើងបានសហការជាមួយក្លិប LUX 98 ជាក្លិបមានទីតាំង និងទីលានល្អ តុប៊ីយ៉ាស្តង់ដារអន្តរជាតិយ៉ាងច្រើន ហើយមានផាសុកភាពដើម្បីបង្កើតការប្រកួតនូវវិញ្ញាសាមួយ គឺប៊ីយ៉ា POOL 9-BALL ក្នុងការសម្រិម្សំរាំងរកធនធានកីឡាករនាពេលខាងមុខបានរៀបរាប់ខាងលើឲ្យបានគាប់ប្រសើរមួយសម្រាប់ការចូលរួមក្នុង ព្រឹត្តិការណ៍ទាំងនោះ ដោយយើងបើកទូលាយឲ្យប្លែកបំផុត ទាំងខ្មែរ និងបរទេសនៅកម្ពុជាអាចដាក់ពាក្យចូលរួមការប្រកួតពានរង្វាន់បុរសមួយមានឈ្មោះថា LUX98-POOL 9-BALL OPEN 2022 ព្រោះប្រភេទកីឡាប៊ីយ៉ាភូលនេះគឺមានអ្នកចូលចិត្តច្រើន និងមានសក្តានុពលខ្លាំងទូទាំង ពិភពលោក ហើយក៏ជាការប្រកួតប្រជែងមួយដើម្បីវាស់ស្ទង់សមត្ថភាព និងស្មារតីរវាងកីឡាករបរទេស និងកីឡាករកម្ពុជាយើងផងដែរ។

លោកអគ្គបន្ថែមថា កម្មវិធីការប្រកួតនឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ តទៅហើយ បើកការប្រកួតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅក្លឹបកីឡាប៊ីយ៉ាភូល ស្នូកហ័រ LUX98 ដែល មានទីតាំងនៅច្បារអំពៅ ។ ការប្រកួតមានគណៈកម្មការ និងអជ្ញារកណ្ដាលរៀបចំដោយសហព័ន្ធ និងក្លិប ហើយបទ បញ្ហារ និងច្បាប់ការប្រកួតគឺយកតាមសហព័ន្ធជាតិ និងសហព័ន្ធអាស៊ី។

ការប្រកួតមានរយៈពេល២ថ្ងៃ ដោយប្រកួតជម្រុះទម្លាក់តាមការចាប់ឆ្នោតរើសគូប្រកួត និងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រមទាំងវគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភីតែម្ដង ។ វគ្គជម្រុះទម្លាក់ ប្រើ ៧ហ្គេម (ឈ្នះ៧មុន គឺឈ្នះ ) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ប្រើ ៩ហ្គេម (ឈ្នះ៩មុន គឺឈ្នះ ) ថ្ងៃនេះផ្ទាល់យើងក៏មានការប្រកួតមិត្តភាពគូពិសេសជើងខ្លាំងដែលធ្លាប់ចូលរួមប្រកួតព្រឹត្តិការណ៍ស៊ី ហ្គេមលើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតធំផ្សេងៗ គឺកីឡាករ សួន ឆាយ និងកីឡាករ ថាយ តិចហុក ដើម្បីបង្ហាញបច្ចេកទេស និងចែករំលែកបទពិសោធន៍ ក៏ដូចជាបើកទទួលពាក្យចូល រួមប្រកួតផងដែរ។ អាសយដ្ឋាន LUX98 CLUB : អគារនៅខាងក្រោយធនាគារ ABA សាខាច្បារអំពៅ ផ្លូវ៦១២ សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។(ចូលតាមច្រកផ្លូវធនាគារ ABA ច្បារអំពៅ )៕ដោយ៖លី ភីលីព

Most Popular

To Top