កីឡា

ជំនាញការហ្វឹកហ្វឺន កីឡាវាយសីជាន់ខ្ពស់របស់ BA ម៉ាឡេស៊ីមកចែករម្លែក និងផ្ទេរចំណេះដឹងមន្រី្ត និងគ្រូបង្វឹកកម្ពុជា

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកឡាវាយសីកម្ពុជាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលកឡាវាយសីកម្រិតបឋមឆ្នាំ២០២២ (Shuttle Time – Cambodia 2022) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ មុនព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការនៃសហព័ន្ធកឡាវាយសីកម្ពុជាបានមានប្រសាសន៍ថា វគ្គកីឡាវាយសីជូនដល់សិក្សាកាមជាគ្រូតាមបណ្តាក្លិប និងគ្រូអប់រំកាយនិងកីឡាមកពីបណ្តាគ្រឹះស្ថានសិក្សាហើយឆ្នាំនេះ យើងមានសិក្ខាកាម សរុបចំនួន៣១នាក់ នារី៧នាក់ មកពីសម្ព័ន្ធ ក្លឹបវាយសីនិងសាលាសរុបចំនួន៧ បានមកចូល រួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃជាវគ្គហ្វឹកហ្វឺនបំប៉នជំនាញ និងបណ្ដុះចំណង់ និស្ស័យកីឡាវាយសី រៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា រួមសហការជាមួយសហព័ន្ធ កីឡាវាយសីអាស៊ី (BA) និងសហព័ន្ធកីឡាវាយសីពិភពលោក (BwF)។

លោកឧត្តមសេនីយ៍ឯក លី កុសលបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលកឡាវាយសីកម្រិតបឋមឆ្នាំ២០២២ ដើម្បីចែករម្លែកបទពិសោធន៍ពីជំនាញវាយសីកម្រិតអន្តរជាតិ ជូនដល់លោកគ្រូ អ្នកគ្រូអប់រំកាយ និងកីឡាកម្ពុជាឲ្យជ្រួតជ្រាបកាន់តែស៊ីជម្រៅ និងបណ្ដុះចំណង់លេងកីឡាវាយសីជូនដល់ សិស្សានុសិស្ស។ ការសិក្សានេះទោះបីមានរយៈពេលខ្លីក៏ពិតមែន តែក៏មានពេលវេលាដើម្បីផ្សារភ្ជាប់ មេរៀនក្នុងថា្នក់ជាមួយនឹងការចុះអនុវត្តផ្ទាល់នៅតាមសាលាចំនួន២ទៅតាមកម្មវិធីរបស់ លោកគ្រូSAM។ 

លោកប្រធានបន្តថា សិក្ខាកាម និងគណៈគ្រប់គ្រងវគ្គដែលបានលះបង់ពេលវេលាដ៏មានតម្លៃឆ្លៀតឱកាសមកចូលរួមដោយពុំបានគិតពីការលំបាក នឿយហត់ ខិតខំក្រេបជញ្ជក់ នូវការសិក្សា ដោយស្មារតីឧស្សាហ៍ព្យាយាម និងទទួលខុសត្រូវខ្ពស់។ នេះជាថ្នាលបណ្តុះ ថ្មីមួយទៀត ទើបបានចាប់ផ្ដើមជូនដល់គ្រូកីឡាវាយសី ដែលអញ្ជើញមកពីបណ្តាក្លឹប សមាគម សាលារៀន។ ខ្ញុំសូមរំលឹកឡើងវិញថា វគ្គ Shuttle time លើកចុងក្រោយ គឺបាន ប្រារព្ធធ្វើនៅខែធ្នូ ឆ្នាំ២០១៨ ហើយត្រូវអាក់ខានរហូតមកដល់ពេលនេះគឺដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ អាស្រ័យដោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួយបញ្ចៀសពួកយើងចេញផុតពី គ្រោះកាចនៃជម្ងឺរាតត្បាតនេះ ហើយបាននឹងកំពុងចាត់វិធានការស្តារសេដ្ឋកិច្ចឲ្យងើបឡើងវិញ ជាបណ្តើរ រហូតបានការសាទរនិងកោតសរសើពីបណ្តាប្រទេសជាច្រើនលើសកលលោក។

លោកបានបន្ថែមទៀតថា ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូ Sambenthan Sivaperumal ជំនាញការ ហ្វឹកហ្វឺនជាន់ខ្ពស់របស់ BA ខិតខំធ្វើដំណើរពីប្រទេសម៉ាឡេស៊ី មកចែករម្លែកនិង ផ្ទេរចំណេះដឹងនៅទីនេះ។ លោកគ្រូពិតជាមានបទពិសោធន៍យ៉ាងច្បាស់លាស់ពីជំនាញ វាយសី ហើយបានឆ្លងកាត់ការបង្រៀននិងបណ្ដុះបណ្ដាលក្នុងប្រទេសជាច្រើនទៀតផង។ មុនពេលមកកាន់ទីនេះ លោកគ្រូទើបបានបញ្ចប់ការបណ្តុះបណ្តាលនៅក្រុងវៀងច័ន្ទ ប្រទេសឡាវ។ លោកគ្រូធ្លាប់មកកម្ពុជាជាច្រើនដង ហើយផ្តល់នូវបទពិសោធន៍ល្អៗដល់ សិក្ខាកាមកម្ពុជា ខ្ញុំសង្ឃឹមថាសិក្ខាកាមទាំងអស់ នឹងមានភាពងាយស្រួលក្នុងការចាប់យក ចំណេះដឹងតាមរយៈការបង្រៀនរបស់លោក។ នៅពេលត្រឡប់ទៅគ្រឹះស្ថានវិញសូមលោក គ្រូ អ្នកគ្រូ ពាំនាំនូវចំណេះដឹងទាំងនេះ ផ្សព្វផ្សាយដល់សិស្សានុសិស្ស បង្កៀបការចូលចិត្ត វិស័យកីឡាវាយសី៕

ដោយ៖លី ភីលីព

Most Popular

To Top