កីឡា

លោក ព្រុំ ប៊ុណ្ណយី ៖ ក្រសួងអប់រំ នឹងដាក់បញ្ជូលមុខ វិជ្ជាកីឡាហែលទឹក ជាមុខវិជ្ជារងក្នុងកម្មវិធីសិក្សា តាមសាលារៀនរដ្ឋ

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងតំណាង លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា លោក បឹង គីមតោ ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡាសិស្ស និស្សិត លោកអ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងមន្ត្រីក្រោមឧវាទនាយកដ្ឋាន អប់រំកាយ និងកីឡាសិស្សនិសិ្សបានអញ្ជើញ ចូលរួមពិធីបិទសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយការប្រើប្រាស់សៀវភៅ មុខវិជ្ជាអប់រំកាយសម្រាប់គ្រូនៅគ្រឹះស្ថាន មធ្យមសិក្សាបឋមភូមិ និង ទុតិយភូមិ ។

លោក ព្រុំ ប៊ុណ្ណយី បានមានប្រសាសន៍ថា សម្រាប់ការសរសេរកម្មវិធី សិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាបានពិភាក្សាគ្នា លើការដាក់បញ្ជូល មុខវិជ្ជាកីឡាហែលទឹក ជាមុខវិជ្ជារងក្នុង កម្មវិធីសិក្សាតាមសាលារៀនរដ្ឋ ដោយមានមតិជំទាស់ និងមតិខ្លះស្រប ព្រោះថា បញ្ជូលធ្វើអ្វីបើសាលនីមួយៗ គ្មានអាងហែលទឹក ហើយមតិអវត្តមាន ប្រសិនបើមិនដាក់បញ្ជូលសិក្សាទេ នោះសាលារៀនទំាងមិនអាចលើផែនការ កសាងសង់អាងហែលទឹកបាន ព្រមទាំងធ្វើឲ្យសិស្សានុសិស្សមិនអាចជួយសង្គ្រោះខ្លួន និងអ្នកដទៃនៅពេលមានគ្រោះថ្នាក់លង់ទឹក ។

លោកទីប្រឹក្សា បានបន្តថា លោកគ្រូកីឡាត្រូវនាំយកសិស្ស ទៅហ្វឹកហាត់ហែលទឹកនៅសាលាឯកជន និងក្លិបហែលទឹកឯកជន ដោយប្រាប់សិស្ស ឲ្យបង់ប្រាក់ជូនគេ ដើម្បីធ្វើការហ្វឹកហាត់ ដោយសារអ្នកចេះហែលទឹកមានតិច ហើយអ្នកខ្លះគ្រាន់រអិលជើងចូលស្រែមានទឹកត្រឹម ០.៧០ ម៉ែត្រក៏លង់ទឹកស្លាប់ ហើយអ្នកខ្លះទៀតអត់ចេះហែលទឹក ប៉ុន្តែបង្ហោះសារតាមបណ្តាញសង្គមថា ថ្ងៃនេះខ្ញុំទៅដើរលេងកោះ តែខ្ញុំអត់ចេះហែលទឹកទេ ។ ការដាក់ដាក់បញ្ជូលមុខវិជ្ជាកីឡាហែលទឹក ដើម្បីឲ្យសិស្សទំាងអស់គ្នា ចេះសង្គ្រោះខ្លួនឯងដូចជាអាចអណ្តែតខ្លួន លើផ្ទៃទឹកដើម្បីស្រែកហៅគេ ឲ្យមកជួយសង្គ្រោះ។

លោក ព្រុំ ប៊ុណ្ណយី បន្ថែមទៀតថា មុខវិជ្ជាអប់រំកាយ និងកីឡាវាជាមុខវិជ្ជាមួយដែលក្រសួងមានការយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍឲ្យមានលក្ខណៈទំនើប និងបែបវិទ្យាសាស្ត្រ នៃការបង្ហាត់បង្រៀនដល់សិស្ស និស្សិតយើងនាពេលបច្ចុប្បន្ននេះ។ មិនតែប៉ុណ្ណោះក្មួយៗ និង ប្អូនៗជាសិស្សានុសិស្ស បានរៀនអប់រំកាយ និងលេងកីឡាជាប្រចាំអាចចៀសផុតពីអំពើអបាយមុខផ្សេងៗ ដូចជាការប្រើអំពើហិង្សា ការសេពគ្រឿងញៀនជាដើម។ ព្រោះអប់រំកាយ និងកីឡានាំឲ្យមានវិន័យ វិន័យនាំឲ្យមានសណ្ដាប់ធ្នាប់ មាន សេចក្ដីថ្លៃថ្នូរ និងនាំឲ្យមានកិត្តិយស។ ប្រការទាំងនេះហើយ ដែលនាំឲ្យក្មួយៗទាំងអស់គ្នា អាចក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពល រដ្ឋល្អ នាថ្ងៃអនាគត ៕

Most Popular

To Top