ភ្នំពេញ៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សហព័ន្ធកីឡារាំកម្ពុជា បានប្រកាសបើកការប្រកួតកីឡារាំ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៣ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) ដែលការប្រកួតនឹងធ្វើឡើង២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធ។

លោកស្រី ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា ការរៀបចំប្រកួតនេះឡើង ក្នុងគោលបំណង ត្រៀមលក្ខណៈចូលរួមប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារាំកម្ពុជា ឲ្យដូចបណ្តាលប្រទេសនានា បង្កើតឱកាសឲ្យយុវវ័យបង្ហាញ នូវជំនាញរាំអន្តរ ជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្ត ឲ្យយុវវ័យចេះហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំ ទំនើបទាន់សម័យ។
លោកស្រី ប្រធានបានបន្តថា ពិសេសកម្មវិធីរបស់សហព័ន្ធ នឹងផ្ដល់ឱកាសដល់យុវជន និងយុវនារី ដែលមានទេពកោសល្យ និងជំនាញរាំ ច្បាស់លាស់ ឲ្យក្លាយជាកីឡាករ-កីឡាការិនីជាតិរបស់សហព័ន្ធ ដើម្បីទទួលបានការហ្វឹកហាត់បន្ថែម ពីសហព័ន្ធជាតិ និងអន្តរជាតិ។ ក្នុងនោះផងដែរ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្រទាំងថវិកា និង កម្លាំងកាយចិត្តពីសំណាក់ ក្រសួង អប់រំ យុវជន និងកីឡា គណៈកម្មការ CAMSOK គណៈកម្មការជាតិអូឡាំពិក កម្ពុជា។
សម្រាប់លទ្ធផលថ្ងៃទី២៣ រួមមានមេដាយមាស បានទៅលើកីឡាករ ភុន ស៊ីវុត្រា និងកីឡាការិនី សាន រ៉ូហ្សា មកពីក្រសួងមហាផ្ទៃ មេដាយប្រាក់បានទៅលើកីឡាករ សេង សុគីម និងកីឡាការិនីម៉ូវ ដានីតា មេដាយប្រាក់១គ្រឿងមកពីមហាផ្ទៃ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ សេង សុគ័ង និងកីឡាការិនី ឱ រក្សា មកពីខេត្តកណ្តាល៕ ដោយ៖លី ភីលីព



