កីឡា

ព្រឹត្តិការណ៍កីឡា ជាតិលើកទី៣ និងការប្រកួតជនពិការ លើកទី១ ឆ្នាំ២០២២ ចាប់ផ្តើមការប្រកួតហើយ

ភ្នំពេញ ៖ លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធ កីឡាការ៉ាតេកម្ពុជា នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីការ ប្រកួតប្រភេទកីឡាការ៉ាតេ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងការប្រកួតជនពិការលើកទី១ ឆ្នាំ២០២២ ការប្រកួតនេះ មានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២២ នៅសាលការ៉ាតេដូ ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ការប្រកួតនេះមានអ្នកចូលរួមសរុបចំនួន ១០២ នាក់ ក្នុងនោះមានប្រតិភូ ១១ នាក់ គ្រូបង្វឹក ១៥ នាក់ កីឡាករ ៤៧ នាក់ និងកីឡាការិនី ២៩ នាក់ មកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ សាលារាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ហើយអ្នកទាំងនេះ ត្រូវប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាសម្តែងកាតា និងប្រយុទ្ធសរុបចំនួន ១២ ។

លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ ជាព្រឹត្តិការណ៍ នៃការសាមគ្គី សន្តិភាព ការសាកល្បង ត្រៀមលក្ខណៈរៀបចំ ពង្រឹងសមត្ថភាព ដើម្បីធ្វើការវាយតម្លៃ និងកែលម្អ បំពេញបន្ថែមចំណុច ខ្វះខាតនូវកម្រិតស្តង់ដារ បទពិសោធ បច្ចេកទេស យុទ្ធសាស្រ្ត និងយុទ្ធវិធី សម្រាប់ការរៀបចំប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលជាកិត្តិយស របស់ប្រទេសជាតិយើង ។

ជាមួយគ្នានេះដែរ លោកក៍បានជំរុញឱ្យមន្រ្តីបច្ចេកទេស ជាពិសេសអាជ្ញាកណ្តាល និងចៅក្រមកាត់សេចក្តី នៅលើទីលាន ត្រូវអនុវត្តការងារ ដោយតម្លាភាព និងគ្មានការរើសអើង ដើម្បីធ្វើឱ្យការប្រកួតកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ ឆ្នាំ ២០២២ នេះ ទទួលបានជោគជ័យ ស្របពេលដែលប្រភេទកីឡានេះ បាននិងកំពុងមានការរីកចម្រើន នៅលើឆាកអន្តរជាតិផងដែរ៕

Most Popular

To Top