កីឡា

លោកបណ្ឌិត ថោង ខុន ៖ ការប្រកួតកីឡាជាតិ លើកទី៣ ជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ អត្តពលិកម្នាក់ៗ របស់កីឡាកាយសម្ព័ន្ធ

ភ្នំពេញ ៖ លោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាកាយសម្ព័ន្ធ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ដែលបានបញ្ចប់ ដោយជោគជ័យនៅ ល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ ក្រោមការសហការ រវាងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជា ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា លោកសូមកោតសរសើរ ចំពោះគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធកីឡាកាយ សម្ព័ន្ធកម្ពុជា មន្ត្រីបច្ចេកទេសគ្រប់រូប បានខិតខំអភិវឌ្ឍប្រភេទ កីឡាកាយសម្ព័ន្ធ និងអត្តពលិកមានសមត្ថភាពល្អៗ ក្នុងឆ្ពោះទៅមេដាយក្នុង ព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។ ការប្រកួតកីឡាជាតិលើកទី៣ លើប្រភេទកីឡាកាយសម្ព័ន្ធ ២០២២ជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យកីឡាករកីឡាការិនីម្នាក់ៗ បានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក ។

លោកប្រធានបន្តថា កីឡាករ-ឡាការិនីដែលទទួលជ័យលាភី នាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ ជាប្រចាំការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក ។ សហព័ន្ធកាយសម្ព័ន្ធកម្ពុជាខិតខំដកស្រង់ បទពិសោធបច្ចេកទេសពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាព ដល់ចៅក្រម គ្រូបង្វឹកគ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធទាំងនេះ មកបង្ហាត់បង្រៀនដល់កីឡាករកីឡាការិនី ឲ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយមាស ជូនជាតិមាតុភូមិក្នុង ព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២នាខែឧសភា ឆ្នាំ២០២៣។
លោកប្រធានសហព័ន្ធ ក៏បានកោតសរសើរចំពោះប្រតិភូ ដឹកនាំកីឡាកាយសម្ព័ន្ធ នៃក្រសួងខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានបញ្ជូនប្រតិភូកីឡា របស់ខ្លួនចូលរួមការ ប្រកួតខាងលើ ប្រកបដោយមិត្តភាពសាមគ្គីភាព និងគោរពបានត្រឹមត្រូវតាមបទ បញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ រួមគ្នាគិតរួមគ្នាធ្វើរួមគ្នាទទួលខុស ត្រូវដោយមិនគិតតែ ពីការយកឈ្នះចាញ់ ពោលគឺឈរលើស្មារតី លេងកីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព និងបង្កើនគុណផល បច្ចេកទេស និងFair Play៕

Most Popular

To Top