កីឡា

ការប្រកួតប្រណាំងម៉ូតូ លើវាលរាប ELF Cup Race Endurance 2022 ប្រព្រឹត្ត នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ភ្នាក់ងាររៀបចំការប្រណាំង យានយន្តកម្ពុជា “KARA” នឹង ធ្វើសន្និសីទ សារព័ត៌មាន ស្ដីពីព្រឹត្តិការណ៍ ការប្រកួតប្រណាំងម៉ូតូ លើវាលរាប ELF Cup Race Endurance 2022 គាំទ្រ ដោយសហព័ន្ធកីឡា យានយន្តកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ រហូតដល់ ១១ ខែធ្នូ ២០២២ នៅលានបើកបរយានយន្តយ៉ាម៉ាម៉ូតូ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសសន្និសីទ សារព័ត៌មានបើកការប្រកួតខាងលើនេះ ដោយមានការអញ្ជើញចូលរួមពី សំណាក់លោក ពៅ តិចឡេង អគ្គនាយកភ្នាក់ងាររៀបចំ ការប្រណាំងយានយន្តកម្ពុជា “KARA” លោក ខៃ វណ្ណៈ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាយានយន្តកម្ពុជា និងលោកស្រី Dinah Kumer នាយកគ្រប់គ្រង TotalEngergies Marketing (Cambodia)Co.,Ltd ។

លោក ពៅ តិចឡេង អគ្គនាយកភ្នាក់ងាររៀបចំការប្រណាំងយានយន្តកម្ពុជា “KARA”បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតប្រណាំងម៉ូតូលើវាលរាប ELF Cup Race Endurance 2022 មានកីឡាករ-កីឡាការិនី ចំនួន ៤៥នាក់រួមមាន កម្ពុជា និង ជប៉ុន ដោយគណៈកម្មការរៀបចំការ ប្រកួតបានបែង ចែកចេញ ទៅតាមកម្រិតរបស់កីឡាករ-កីឡាការិនី ចំនួន៤កម្រិត គឺកម្រិត “A” “B” “C” “D” ។
ការប្រកួតលើមុន សម្រាប់កីឡាករ-កីឡាការិនី គ្មានប្រាក់រង្វាន់ លើកទឹកចិត្ត ប៉ុន្តែឆ្នាំនេះគណៈកម្មការរៀបចំការ ប្រកួតនឹងផ្តល់ជូន ចំពោះក្រុមអត្តពលិក ដែលទទួលបានចំណាត់ថ្នាក់ ។

លោកអគ្គនាយកបានបន្តថា កម្រិត “A” ដែលកីឡាករជំនាញប្រណាំងម៉ូតូប្រភេទ 150 CC ចំណាត់ថ្នាក់លេខ១ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤ លានរៀល ចំណាត់ថ្នាក់លេខ២ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៣ លានរៀល និងចំណាត់ថ្នាក់លេខ៣ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២ លានរៀល ។ ចំណែកកម្រិត“B” “C” “D” ចំណាត់ថ្នាក់លេខ១ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ២ លានរៀល ចំណាត់ថ្នាក់លេខ២ ទទួលបាន ប្រាក់រង្វាន់ លើកទឹកចិត្តចំនួន ១លាន២០ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៨០ម៉ឺនលានរៀល។

លោកស្រី Dinah Kumer បាននិយាយថា ក្រុមហ៊ុនលោកស្រីបានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ ការប្រកួតប្រណាំងម៉ូតូលើវាលរាប ELF Cup Race Endurance នៅព្រលានយន្តហោះ ខេត្តបាត់ដំបង ហើយនពេលនេះ ក្រុមហ៊ុន ក៏នៅតែគាំទ្រ ដដែលដើម្បីលើកស្ទួយវិស័យ កីឡាប្រណាំងម៉ូតូលើវាលរាប ឲ្យមានការរីកចម្រើនកាន់តែខ្លាំង និងអំពាវនាវឲ្យយុវជនចូលរួម ព្រឹត្តិការណ៍ការប្រកួតទំាងអស់គ្នា ៕

Most Popular

To Top