កីឡា

ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាព ឆ្នាំ២០២៣ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករាចាប់ផ្តើមហើយ

ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាព រដូវកាលទី៧ ឆ្នាំ២០២៣ ដើម្បីអបអរសាទរ ទិវាជ័យជម្នះ ៧មករាបានចាប់ ផ្តើមដំណើរការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ទៅបញ្ចប់នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ដោយក្រុមកីឡា ចូលរួមប្រកួត មានចំនួន៨ក្រុម មានក្រុមជាតិ និងអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ដោយលោក ជុំ កុសល ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន និងប្រធានសម្ព័ន្ធយុវជន ស្រលាញ់សន្តិភាព ។

លោក ជុំ កុសល បានមានប្រសាសន៍ថា ធ្វើឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរ នូវមន្ត្រីរាជការ និងបងៗ ពូដែលមានវ័យចំណាស់ នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អ ដល់យុវជន ឲ្យចូលរួមក្នុង គ្រប់ទម្រង់កីឡា ជាផ្នែកមួយ អាចជួយដល់យុវជន គ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយពីអំពើឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា ។ ព្រមទាំងពង្រឹងនូវចំណងសាមគ្គីភាព រវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនងកាន់តែប្រសើរ នឹងគ្នាឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាពពិត ប្រាកដក្នុងសម័យតេជោ ។

លោកបានបន្តថា រៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ៧មករា តេជោសន្តិភាព ដើម្បី ចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឪកាសជួបជុំគ្នាលេងកីឡាបាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយ ដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព ! ។

នាថ្ងៃទី១៤ ក្រុមបាល់ទាត់ស្រលាញ់សន្តិភាពបានយកឈ្នះក្រុមបាល់ទាត់វ័យចាស់ទ័ព លទ្ធផលបច្ចកេទេស ១ទល់នឹង០ រីឯក្រុមបាល់ទាត់ 7NG Soccer Team បានយកឈ្នះក្រុមបាល់ទាត់ គួបៃឌីកា លទ្ធផលបច្ចកេទេស ៤ទល់នឹង២។
ការប្រកួតខាងលើនេះមានក្លិប ចំនួន៨មចែកចេញជា២ពូលគឺពូល “A” ក្រុមបាល់ទាត់ស្រលាញ់សន្តិភាព ក្រុមបាល់ទាត់វ័យចាស់ទ័ព ក្រុមបាល់ទាត់ 7NG Soccer Team និងក្រុមបាល់ទាត់ គួបៃឌីកា ចំណែកពូល “B” ក្រុមបាល់ទាត់មហាហង្សវ័យចាស់ ក្រុមបាល់ទាត់ យុវជន ៧មករា ក្រុមបាល់ទាត់ មិត្តល្អមានជ័យ និងក្រុមបាល់ទាត់អូឡាំពិកវ័យចាស់៕

Most Popular

To Top