សៀមរាប ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងប្រធាន សហព័ន្ធខ្មែរ កីឡាទោចក្រយាន បានអញ្ជើញជាអធិបតីក្នុងពិធី “បិទ” វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួតកីឡា ទោចក្រយាន “COMMISSAIRES COURSE” ឆ្នាំ២០២២ ។
ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងអ្នករៀបចំការប្រកួតកីឡាទោចក្រយាន, លោក Nuthapong Lohitnavy គ្រូឧទ្ទេសនាម ដែលបានអញ្ជើញមកពីព្រះរាជាណាចក្រថៃ, លោក លោកស្រីប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការដ៏ល្អ របស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួតកីឡា ទោចក្រយាន ប្រចាំឆ្នាំ២០២២ នេះ ប្រកបដោយភាពជោគជ័យ ។
លោករដ្ឋមន្រ្តី បន្តថា វគ្គបណ្តុះបណ្តាល ដែលមានរយៈពេល ៤ថ្ងៃ ពោលគឺចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នេះ បានបញ្ចប់ទៅដោយរលូន និងទទួលជោគជ័យ ជាស្ថាពរនៅថ្ងៃនេះ គឺ ពិតជាធ្វើឱ្យមន្ត្រី គណៈកម្មការបច្ចេកទេស ទទួលបាននូវចំណេះដឹង ជាច្រើនពាក់ព័ន្ធនឹងការរៀបចំការប្រកួតកីឡា ទោចក្រយាន ការគោរព តាមលក្ខខណ្ឌបច្ចេកទេស និង ស្តង់ដារត្រឹមត្រូវជាអន្តរជាតិ ជាពិសេសគឺ ដើម្បីត្រៀមចូលរួមរៀបចំការប្រកួតកីឡា ទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ខានស្អែកនេះ ហើយលើសពីនេះទៀត គឺត្រៀមលក្ខណៈដើម្បីចូលរួមការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខនេះផងដែរ ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានសំណូមពរដល់ប្រតិភូ គ្រូបង្វឹក ឱ្យខិតខំយកចិត្តទុកដាក់ ប្រមែប្រមូលសម្រិតសម្រាំងនូវវិធីសាស្ត្រល្អៗ និងបច្ចេកទេសគន្លឹះថ្មីៗបន្ថែមទៀត ដើម្បីបង្ហាត់បង្ហាញដល់កីឡាករ កីឡាការិនីទាំងអស់ ឱ្យដណ្តើមបានប្រៀបឈ្នះ លើគ្រប់ទីលានប្រកួត ជាពិសេសគឺព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រោះការប្រកួត ដ៏ស្វិតស្វាញក្នុងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តនេះ នឹងឈានចូលមកដល់ក្នុងរយៈពេលជាង ១០០ថ្ងៃទៀតប៉ុណ្ណោះ តែតាមរយៈកិច្ចខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាដែលជាប្រធាន អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកប្រតិបត្តិគ្រប់ផ្នែក និងការយកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី របស់គ្រូបង្វឹកគ្រប់រូប ព្រមទាំងការព្យាយាមហ្វឹកហាត់ ជាប្រចាំរបស់កីឡាករ កីឡាការិនីទាំងអស់ គឺពិតជានឹងធ្វើឱ្យសហព័ន្ធខ្មែរ កីឡាទោចក្រយានទទួលបានជ័យលាភី គ្រប់វិញ្ញាសារប្រកួត ជាក់ច្បាស់មិនខានឡើយ។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលនានា ដែលទទួលបានក្រោមដំបូល នៃសុខសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត តាមរយៈការអនុវត្ត នូវនយោបាយឈ្នះឈ្នះ ដែលបានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ត្រូវបានអន្តរជាតិ ទទួលស្គាល់ថាមានភាព រឹងមាំទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ។ ជាក់ស្ដែង យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដោយមិនប្រកាន់ និន្នាការ ឋានៈ ពូជសាសន៍ ពណ៌សម្បុរ របស់ សម្តេចតេជោ ពិតជាបានធ្វើឱ្យ កម្ពុជា អាចគ្រប់គ្រងយ៉ាង មានប្រសិទ្ធភាព នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការបើកឱ្យមានសកម្មភាពឡើងវិញ គ្រប់ផ្នែក គ្រប់វិស័យ ទាំងសកម្មភាពសង្គម និងសេដ្ឋកិច្ច រួមទាំងសកម្មភាពកីឡាគ្រប់ប្រភេទផងដែរ បន្ទាប់ពីត្រូវបានអាក់ខាន អស់មួយរយៈកន្លងមក ។
នៅកិច្ចបញ្ចប់ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរផងដែរ ចំពោះគ្រូឧទ្ទេសនាម ដែលបានអញ្ជើញ មកពីព្រះរាជាណាចក្រថៃ លោក Nuthapong Lohitnavy និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាផ្លែផ្កា ជាពិសេសប្រតិភូ ដឹកនាំក្រុមកីឡាទោចក្រយាន តាមបណ្តាខេត្ត និងក្រុងទាំងអស់ ដែលបានមកចូលរួមរៀន វគ្គបណ្តុះបណ្តាលនេះ ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា លោក លោកស្រីប្រតិភូ គ្រូបង្វឹកដែលជាសិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងដែលខ្លួនទទួលបាននេះ ទៅចែករំលែកបន្តដល់ សមាគម-ក្លិប និងក្រុមកីឡាករ-កីឡាការិនីរបស់រាជធានី-ខេត្តរៀងៗខ្លួន ស្របតាមផែនការអភិវឌ្ឍជំនាញ បច្ចេកទេសសម្រាប់ការប្រកួតកីឡា ស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខនេះ៕