កីឡា

កីឡាករបាល់ទាត់ឆ្នើមប្រេស៊ីល លោក Pele បានទទួលមរណភាព ក្នុងអាយុ ៨២ ឆ្នាំកាលពីយប់មិញ

ប្រេស៊ីល៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កូនស្រីរបស់ស្តេចបាល់ទាត់ នាង Kely Nascimento បានឧទ្ទិសដល់ឪពុករបស់នាង លើបណ្តាញសង្គមយក្សអាមេរិក Instagram ថា យើងអរគុណអ្នក យើងស្រឡាញ់អ្នកជារៀងរហូត សូមសម្រាកដោយសន្តិភាព។

ភ្នាក់ងាររបស់លោកបានបញ្ជាក់ថា ស្តេចបាល់ទាត់ប្រេស៊ីល Pele បានស្លាប់ក្នុងអាយុ ៨២ ឆ្នាំ។អតីតតារាបាល់ទាត់ Santos FC ត្រូវបានគេចាត់ទុកថា ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេល បានសម្រាកនៅមន្ទីរពេទ្យ Albert Einstein Israelite ក្នុងទីក្រុង Sao Paulo ចាប់តាំងពីថ្ងៃទី ២៩ ខែវិច្ឆិកា។

របាយការណ៍វេជ្ជសាស្រ្តមួយ នៅមុនបុណ្យណូអែល ដែលបានបង្ហាញថា លោកត្រូវការការថែទាំសម្រាប់ជំងឺបេះដូង និងមុខងារតំរងនោម ដោយបានប្រយុទ្ធនឹងជំងឺមហារីកពោះវៀនធំ តាំងពីខែកញ្ញា ឆ្នាំ២០២១។ ពិភពលោកចែករម្លែកការសរសើរ ដល់រូបតំណាងបាល់ទាត់លោក Pele បច្ចុប្បន្នភាពបន្តផ្ទាល់ ។

លោក Pele មានឈ្មោះដើមថា Edson Arantes do Nascimento បានចាប់ផ្តើមលេងឲ្យ Santos នៅអាយុ ១៥ ឆ្នាំ និងក្រុមជម្រើសជាតិប្រេស៊ីល មួយឆ្នាំក្រោយមក ដោយបានផ្ទុះឡើងក្នុងពិភពបាល់ទាត់នៅអាយុ ១៧ ឆ្នាំក្នុងការប្រកួត World Cup ឆ្នាំ ១៩៥៨។ ក្នុងអំឡុងពេលអាជីពជាអន្តរជាតិរបស់គាត់ គាត់បានឈ្នះការប្រកួតបាល់ទាត់ពិភពលោក ចំនួន៣ គឺឆ្នាំ ១៩៥៨ ១៩៦២ និង១៩៧០ កីឡាករតែមួយគត់ ដែលសម្រេចបាននេះ។

មន្ទីរពេទ្យបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គាត់បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៣.២៧ នាទីល្ងាច ម៉ោងនៅប្រទេសប្រេស៊ីល ដោយសារការបរាជ័យ នៃសរីរាង្គជាច្រើនដែលបណ្តាលមកពី ជំងឺមហារីកពោះវៀនធំ របស់លោក៕ ដោយ៖លី ភីលីព

Most Popular

To Top