ខ្សែប្រយុទ្ធ Zlatan Ibrahimovic ទើបបានបង្ហាញខ្លួនជួយក្លឹប AC Milan ជាលើកដំបូងក្នុងរដូវកាលឆ្នាំ២០២២/២៣នេះ ក្នុងជំនួបតទល់នឹងក្លឹប Atalanta ក្របខ័ណ្ឌ Serie A ក្នុងលទ្ធផលឈ្នះ ២-០ កាលពីយប់មិញនេះ។
កីឡាករនេះបានចូលលេងក្នុងការប្រកួតខាងលើបាន ១៦នាទី ក្រោយទើបជាសះស្បើយពីវះកាត់ជង្គង់ ដែលធ្វើឲ្យកីឡាករនេះបានអវត្តមានពីការប្រកួតតាំងពីពាក់កណ្ដាលខែសីហា ឆ្នាំ២០២២មកម្ល៉េះ។
នៅក្នុងឆ្នាំនេះ Zlatan មានអាយុ៤១ឆ្នាំហើយ ដោយមានរបួសច្រើនប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រោយត្រលប់មកវិញ ខ្សែប្រយុទ្ធរូបនេះក៏បានលើកឡើងថា៖” ខ្ញុំទទួលរងរបួសច្រើនណាស់ តែឥឡូវនេះត្រលប់មកវិញហើយ ខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់។ ខ្ញុំមកវិញនេះមិនមែនមកលេង ៥-៦នាទីនោះទេ គឺចង់លេងពេញម៉ោងប្រកួតតែម្ដង “៕