កីឡា

ក្រុមអត្តពលិកការ៉ាតេ វ័យក្មេង ៦០នាក់ ចូលរូមការប្រកួតកីឡា ការ៉ាតេជ្រើសរើសជើងឯក កុមារបន្តចវេន ប្រចាំឆ្នាំ២០២៣

ភ្នំពេញ៖ លោកឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទរិទ្ធី ប្រធានសម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេកម្ពុជា និងចាស់ព្រឹទ្ធិចារ្យកីឡាការ៉ាតេជាច្រើននាក់ទៀតបានអញ្ជើញចូលរួម ពិធីបើកជាផ្លូវការនៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក កុមារបន្តចវេនប្រចាំឆ្នាំ២០២៣ ដែលរៀបចំដោយសម្ព័ន្ធ អ្នកស្រលាញ់ការ៉ាតេកម្ពុជា នៅក្លិបការ៉ាតេសម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេ កម្ពុជាស្ថិតនៅគីឡូម៉ែត្រលេខ៩។

លោកឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទរិទ្ធី បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ក្នុងការស្វែងរកកីឡាករ-កីឡាការិនីឆ្នើមវ័យក្មេងរបស់កីឡាការ៉ាតេ ដើម្បីឲ្យបន្តកីឡាករ-កីឡាការិនីចាស់ៗដែលចូលរួមនិវត្តមាន និងជាការអភិឌ្ឍនធនធានមនុស្សជំនាន់ក្រោយនៃអ្នកស្រលាញ់ ការ៉ាតេឲ្យមានការរីកចម្រើនកាន់តែខ្លាំងនូវប្រភេទកីឡាការ៉ាតេនៅកម្ពុជា។

លោកប្រធានបានបន្តថា ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីវ័យក្មេងៗចំនួន ៦០ នាក់មកពីសាលាគុន សមាគម និងក្លិបចំនួន ១០ រួមមានសមាគមការ៉ាតេ កងយោធពលខេមរភូមិន្ទ ក្រុមប្រឹក្សាកីឡាកងយុទ្ធពលខេមរភូមិន្ទ ក្លិបការ៉ាតេ ឬស្សីកែវ សូតូកង់ ក្លិបការ៉ាតេ ច្រាំងចំរេះ សូតូកង់ ក្លិបការ៉ាតេ ទីក្រុងសេះ ខេត្តព្រះសីហនុ សមាគមការ៉ាតេ សូតូកង់ខ្មែរ សាលាការ៉ាតេ សូតូកង់កម្ពុជា សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេកម្ពុជា ក្លិបការ៉ាតេ-ដូ មិត្តសម្លាប់ និង First West World International School ។

លោកបានបន្ថែមថា សម្ព័ន្ធអ្នកស្រលាញ់ការ៉ាតេកម្ពុជាបានរៀបចំវិញ្ញាសាធំៗចំនួន គឺវិញ្ញាសាកាតា និងវិញ្ញាសាប្រយុទ្ធទំាងមានចំនួន ៧វិញ្ញាសាដូចជា វិញ្ញាសាកាតា កុមារីអាយុ ១០ឆ្នាំ និងក្រោម ១០ឆ្នាំ កុមារាអាយុ ១០ឆ្នាំ និងក្រោម ១០ឆ្នាំ វិញ្ញាសាកុមារីអាយុ ១១ឆ្នាំដល់ ១៣ឆ្នាំ វិញ្ញាសាកុមារាអាយុ ១១ឆ្នាំដល់ ១៣ឆ្នាំ វិញ្ញាសាយុវតីអាយុ ១៤ឆ្នាំដល់ ១៦ឆ្នាំ វិញ្ញាសាយុវជនអាយុ ១៤ឆ្នាំដល់ ១៦ឆ្នាំ និងវិញ្ញាសាប្រយុទ្ធ វិញ្ញាសាយុវជនអាយុ ១៦ឆ្នាំដល់ ១៧ឆ្នាំ។

ដោយ៖លី ភីលីព

Most Popular

To Top