កីឡា

លោក ឧកញ៉ា គង់ ឬទ្ធីជព្វលើកទឹកចិត្តឲ្យអត្តពលិក កីឡាទ្រីអាត្លុងជម្រើសជាតិខិតខំ ឲ្យអស់ពីលទ្ធភាពសម្រាប់ SEA GAMES 2023

ភ្នំពេញ៖សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជានាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ទទួលបានការឧបត្ថម្ភសម្ភារហ្វឹកហាត់ និងសម្ភារប្រកួតកីឡាទ្រីយ៉ាត្លុងពីក្រុមហ៊ុនឯកជននៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រាប់ត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2023 លើក ៣២ ឆ្នាំ២០២៣ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតជាផ្លូវការ ។

ក្នុងឱកាសទទួល និងប្រគល់សម្ភារហ្វឹកហាត់ និងសម្ភារប្រកួតកីឡាទ្រីយ៉ាត្លុងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោក ឧកញ៉ា គង់ ឬទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា និងលោកស្រីតំណាងឲ្យក្រុមហ៊ុនឯកជន។

លោក ឧកញ៉ា គង់ ឬទ្ធីជព្វបានមានប្រសាសន៍ថា លោកបានជំរុញលើកទឹកឲ្យអត្តពលិកកីឡាទ្រីអាត្លុងជម្រើសជាតិខិតខំឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាប្រជែងដណ្តើមឲ្យបានមេដាយមាសពីព្រឹត្តិការណ៍កី ឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាកីឡាករ-កីឡាការិនីម្ចាស់ផ្ទះ ដើម្បីលើកមុខមាត់ជាតិ លើកមុខមាត់សហព័ន្ធ និងជាការតបស្នងសងគុណដល់ក្រុមហ៊ុនបានឧត្តម្ភនៅសម្ភារៈហ្វឹកហាត់ និងប្រកួតកម្រិតស្តង់ដារត្រៀមសម្រាប់ការប្រកួតកីឡាSEA GAMES 2023 ។

លោក ឧកញ៉ាបានបន្តថា ក្នុងនាមជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនតែងតែឧបត្ថម្ភសម្ភារៈហ្វឹកហាត់និងប្រកួតដល់សហព័ន្ធកីឡាទ្រីយ៉ាត្លុងជាបន្តបន្ទាប់ ។ ជាក់ស្តែងដូចពេលនេះ ក្រុមហ៊ុនបានឧត្ថម្ភនៅសម្ភារៈហ្វឹកហាត់និងប្រកួតកីឡាទ្រីយ៉ាងត្លុងដែលមានគុណភាពសម្រាប់ឲ្យកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់ពង្រឹងគុណភាពនិងបច្ចេកទេសឈានប្រជែងដោយគុណភាពនៅ SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣។ មិនត្រឹមតែប៉ុណ្ណោះ សម្ភារៈទាំងនេះ វាក៏ជាសម្ភារៈដែលកីឡាករកីឡាការិនីជម្រើសជាតិយកទៅប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ។

លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ថា សម្ភារៈដែលឧបត្ថម្ភដោយក្រុមហ៊ុន Giant Cambodia(ចាយអេន ខេមបូឌា)ដល់សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជាសម្រាប់អត្តពលិកជម្រើសជាតិហ្វឹកហាត់ត្រៀម SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ មានកង់ Giant ១០គ្រឿង មួក ស្បែកជើងជិះកង់ សម្លៀកបំពាក់ វ៉ែនតា និងសម្ភារៈចាំបាច់មួយចំនួនទៀត ។

លោក ងិន សុខបញ្ញា បានបន្តថា SEA GAMES 2023 គឺម្ចាស់ផ្ទះកម្ពុជានឹងដាក់វិញ្ញាសា អាគ័រត្លុង (Aquathlon) ជាលើកដំបូងក្នុងព្រឹត្តិការណ៍ SEA GAMES ចំនួន៣០លើក ក្នុងរយៈពេល ៦០ឆ្នាំមកនេះ ដែលមិនធ្លាប់ដាក់បញ្ចូលឡើយ ។ វិញ្ញាសាអាគ័រត្លុង មានហែលទឹកចម្ងាយ ១០០០ម៉ែត្រ និងរត់៥គីឡូម៉ែត្រនេះជាវិញ្ញាសាថ្មីក្នុង SEA GAMES ជាលើកដំបូងរៀបចំដោយម្ចាស់ផ្ទះកម្ពុជា ។

ក្នុងបំណងនៃការដាក់បញ្ចូលវិញ្ញាសា១បន្ថែមនោះ គឺដើម្បីស្វែងរកឱកាសកាន់តែច្រើន ដើម្បីគោលដៅក្នុងការប្រជែងមេដាយមាស១គ្រឿង ដោយវិញ្ញាសា អាគ័រត្លុងនេះ យើងមានក្តីសង្ឃឹមខ្ពស់ជាងគេ ខណៈបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏មានឆន្ទៈដូចគ្នា ក្នុងការស្នើសុំឲ្យកម្ពុជា ដាក់បញ្ជូលវិញ្ញាសា អាគ័រត្លុង ក្នុងស៊ីហ្គេម ២០២៣នេះដូចគ្នាផងដែរ ៕

Most Popular

To Top