កីឡា

កម្ពុជា ទទួលបានមេដាយប្រាក់ ០១គ្រឿង និងមេដាយសំរិទ្ធចំនួន ០១គ្រឿងនៃsea game 2023

ខេត្តព្រះសីហនុ៖ នៅទីលានប្រកួតកីឡាទូកក្តោង(ទីលានតេជោ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ គណៈកម្មការរៀបចំការប្រកួត បានរៀបចំពិធីបំពាក់មេដាយជូនដល់កីឡាករ-កីឡាការិនីជ័យលាភីទាំង ៩ប្រភេទវិញ្ញាសា ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធាននៃគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា ជាតំណាងលោក ថោង រដ្ឋសក្កិ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាទូកក្តោងកម្ពុជា។

ក្រោយពីចំណាយរយៈពេលចំនួន ០៧ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ នៃការប្រកួតប្រភេទកីឡាទូកក្តោង ជាលទ្ធផល៖
១. ប្រទេស ថៃ ទទួលបានមេដាយមាសចំនួន ០៤គ្រឿង មេដាយប្រាក់ចំនួន ០២គ្រឿង និងមេដាយសំរិទ្ធចំនួន ០១គ្រឿង
២. ប្រទេស សឹង្ហបុរី ទទួលបានមេដាយមាសចំនួន ០៣គ្រឿង និងមេដាយប្រាក់ចំនួន ០៤គ្រឿង
៣. ប្រទេស ម៉ាឡេស៊ី ទទួលបានមេដាយមាសចំនួន ០២គ្រឿង មេដាយប្រាក់ចំនួន ០១គ្រឿង និងមេដាយសំរិទ្ធចំនួន ០៤គ្រឿង
៤. ប្រទេស ហ្វីលីពីន ទទួលបាន មេដាយប្រាក់ចំនួន ០១គ្រឿង និងមេដាយសំរិទ្ធចំនួន ០២គ្រឿង
៥. ប្រទេស កម្ពុជា ទទួលបាន មេដាយប្រាក់ចំនួន ០១គ្រឿង និងមេដាយសំរិទ្ធចំនួន ០១គ្រឿង
៦. ប្រទេស វៀតណាម មិនទទួលបានមេដាយ

ក្រុមកីឡាករ កីឡាការិនី ទាំង១១រូបរបស់កម្ពុជា ក៏បានខិតខំប្រឹងប្រៀងយ៉ាងខ្លាំង រហូតទទួលបានជោគជ័យក្នុងការប្រកួត ដោយ កីឡាករ កែវ ភារុណ ទទួលបានមេដាយប្រាក់ លើប្រភេទវិញ្ញាសា Windsurfing RS:One Men និងកីឡាករ សែម ប្រុសពៅ ទទួលបានមេដាយសំរិទ្ធ លើប្រភេទវិញ្ញាសា Windsurfing RS:X Men។

ការសម្រចបានជោគជ័យក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើប្រភេទកីឡាទូកក្តោង គឺជាជោគជ័យមួយដ៏ធំរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្រោមការចូលរួមពី គណៈកម្មការរៀបចំការប្រកួត មន្រ្តីបច្ចេកទេសជាតិ និងអន្តរជាតិ ចៅក្រមអន្តរជាតិ អ្នកស្មគ្រ័ចិត្ត រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់។ ដោយ៖លី ភីលីព

Most Popular

To Top