កីឡា

លោកបណ្ឌិត កៅ ថាច ៖ ឆ្នាំក្រោយស្រុកខ្សាច់កណ្ដាល នឹងដាក់កីឡាជាច្រើនប្រភេទ ក្នុងការប្រកួតយុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ស្រុកខ្សាច់កណ្ដាល ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារ ចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និង ស្រុកកៀនស្វាយ បានចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ។

សមាសភាព ចូលរួម ក្នុងពិធីបើកការប្រកួតកីឡានេះរួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល អនុប្រធាន ក្រុមការងារ ចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជន របស់ក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារ យុវជនស្រុក-ឃុំទាំង១៨ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង១៨ក្រុម សរុបចំនួន ៧៥០ នាក់ ។

កម្មវិធីប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ខែមេសា ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នៅទីលានបាត់ទាត់វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល ដោយមានក្រុមកីឡា ចូលរួមប្រកួត ចំនួន ១៨ ក្រុម និងមានកីឡាករសរុបចំនួន ៤៥០ នាក់ ដែលសុទ្ធសឹងជាកូនចៅ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកខ្សាច់កណ្ដាល ។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១៨ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាស សប្បាយរីករាយទៀតផង ។

លោក បណ្ឌិត បន្ថែមថា ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកសាងនូវសមិទ្ធផលដ៏ធំស្គឹមស្កៃមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត គឺពហុកីឡដ្ឋានជាតិមរតកតេជោដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់។ កម្ពុជាដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនឹងរៀបចំការប្រកួតកីឡា SEA Games បានបញ្ចប់ ដោយទទួលបានផ្លែផ្កាល្អបំផុត និង ASEAN Para Games នៅឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិ មរតកតេជោចាប់ផ្តើមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបណ្ឌិត កៅ ថាច បានប្រកាស ជាផ្លូវការថា ឆ្នាំក្រោយ យើងដាក់កីឡាជាច្រើនប្រភេទ ក្នុងការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដូចជាកីឡាបាល់ទាត់ បាល់ទះ និងកីឡាផ្សេងៗនៅក្នុងស្រុកខ្សាច់កណ្តាល និងកោតសរសើរ ដល់កីឡាករទាំងអស់ គោរពតាមលក្ខន្តិកៈ នៃការប្រកួត ស្តាប់អាជ្ញាកណ្តាល និង ត្រូវចេះអត់ឱនអធ្យាស្រ័យ ឲ្យគ្នាទៅវិញទៅមក ក្នុងពេលប្រកួតបានល្អ និងធ្វើឲ្យកម្មវិធី ប្រកួតកីឡាបាល់ទាត់នេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕

Most Popular

To Top