កីឡា

ការ​តស៊ូ​ព្យាយាម​ជា​យូរ​ឆ្នាំ​ ឥលូវ​សម្រេច​ហើយ ​កីឡា​​កាយសម្ព័ន្ធ​កម្ពុជា ​ឈ្នះ​មេដាយ​មាស​ ជើងឯក​អាស៊ី​

ការ​ខំប្រឹង​តស៊ូ​ព្យាយាម​ជា​ច្រើន​ឆ្នាំ​ និង​ជា​ក្ដី​ស្រមៃ​របស់​សហព័ន្ធ​កីឡា ​កាយសម្ព័ន្ធ​កម្ពុជា ​គឺ​បាន​សម្រេច ​ហើយ​ដោយ​បាន​ឈ្នះ​មេដាយ​មាស១ និងសំរឹទ្ធ១ ក្នុង​ការ​ប្រកួត​ជើងឯក​ អេរ៉ូប៉ិច​អាស៊ី​ លើក​ទី៨​ នៅ​ប្រទេស​ម៉ុងហ្គោលី​ អំឡុង​ថ្ងៃ​ទី១៣​ ដល់​ ១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៣ ។​

ឯកឧត្ដម​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​ កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ប្រវត្តិសាស្ត្រ​ហើយ​សម្រាប់​កម្ពុជា​ចំពោះ​ប្រភេទ​កីឡា​ កាយសម្ព័ន្ធ​នេះ​ដែល​បាន​ឈ្នះ ​មេដាយ​មាស​១គ្រឿង​ក្នុង​ព្រឹត្តិការណ៍ ​ធំ​កម្រិត​អាស៊ី​បែប​នេះ។​ នេះ​មោទកភាព​ដល់​ឧដុង្គឧត្ដម ​សម្រាប់​ប្រទេស​ជាតិ​ ព្រោះ​កម្រិត​អាស៊ី​គឺ​ធំ​ និង​មាន​ប្រទេស​ ចូលរួម​ច្រើន​ដូច្នេះ​មាន​ការ​លំបាក​ក្នុង​ការ​ប្រជែង​មេដាយ ។​

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ ទាំង​នេះ​ជា​ការ​ខំ​ប្រឹងប្រែង​ និង​បាន​ដាក់​ផែនការ​ច្បាស់លាស់​ពី​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​បណ្ឌិត​ ថោង​ ខុន​ ទើប​ទទួល​បាន​លទ្ធផល​ល្អ​តាម​ការ​គ្រោង​ទុក។​ ឯកឧត្ដម​ ណយ​ ផាន់ណា​ ក៏​សូម​ថ្លែង​អំណរគុណ​ដល់​ ឯកឧត្ដម​បណ្ឌិត​ ថោង​ ខុន​ ដែល​បាន​យក​ចិត្ត​ទុកដាក់​ និង​តែងតែ​ជំរុញ​ជា​និច្ច​នា​ពេល​កន្លង។​ បន្ថែម​ពី​នេះ​ឯកឧត្ដម​អរគុណ​ដល់​លោក​គ្រូ​ អ្នកគ្រូ​កាយសម្ព័ន្ធ​ទាំង​អស់​ដែល​ខំប្រឹង​បង្ហាត់​សិស្ស​ អរគុណ​ចំពោះ​ការ​ខំប្រឹង​ប្រែង​របស់​សិស្សៗ​រហូត​ទទួល​បាន​មេដាយ​មាស១គ្រឿង​នេះ។​

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ផ្នែក​អេរ៉ូប៉ិច​កម្ពុជា​ បាន​ប្រកួត​ឈ្នះ​មេដាយ​២គ្រឿង​រួម​មាន​មាស១ និង​សំរឹទ្ធ១ ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ លើក​ទី៨​ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ុងហ្គោលី។​ មេដាយ​មាស​ ឈ្នះ​លើ​វិញ្ញាសា​ ទ្រីយ៉ូ (សម្ដែង​ជា​ក្រុម)​ មាន​កីឡា​ការិនី​ ស៊ីវ ចន្ថា, ណេម សុខហេង និងកីឡាការិនី ឌឹម អ៊នធីតា។​ ចំណែក​មេដាយ​សំរឹទ្ធ​ ឈ្នះ​ដោយ​កីឡាការិនី​ សួស ស្រីពៅ ​លើ​វិញ្ញាសាឯកត្តជននារី (Senor IW)។ព្រឹត្តិការណ៍​នេះ​មាន​មាន​ប្រទេស​ចូលរួម​ចំនួន​១៤​ និង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២៣ ៕​

Most Popular

To Top