កីឡា

បើកការប្រកួត កីឡាស្ប៉េស្យាល់ អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៣ នៅខេត្តព្រៃវែង ជាផ្លូវការ

ដោយ៖លី ភីលីព

ភ្នំពេញ ៖ លោក ហឿង សុផុន រដ្ឋលេខាធិការ តំណាងលោករដ្ឋមន្ត្រី ក្រសួងសង្គកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក អន ភារៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួម ពិធីបើកការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៣ នៅខេត្តព្រៃវែង ។

លោក ហឿង សុផុន បានមានប្រសាសន៍ថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង មាតាបិតា អាណាព្យាបាលទាំងអស់ ដែលបានលះបង់ពេលវេលា មកចូលរួមដើម្បីលើកស្ទួយ វិស័យកីឡាស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ។ កន្លងមកគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ ពង្រឹងពង្រីកចលនាស្ប៉េស្យាល់ អូឡាំពិក ដល់បណ្តាខេត្តនានា ព្រមទាំងបានបណ្តុះបណ្តាល មន្រ្តីជំនាញធ្វើការហ្វឹកហាត់ ដល់ជនពិការខ្សោយ សតិបញ្ញា ក្នុងគោលបំណងផ្តល់ ឱកាសឲ្យពួកលោក បានចូលរួមក្នុងសកម្មភាពសង្គម ។

ពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគ លើវិស័យពិការភាពជាច្រើនឆ្នាំ ណាស់មកហើយ ។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានកំពុងស្តារ និងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សា បាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើន សេដ្ឋកិច្ច ដែលជាឱកាសសម្រាប់ លើកកម្ពស់សិទ្ធិជន មានពិការភាពនិង ការស្តារលទ្ធភាពពលកម្ម កាយសម្បទាជូនជនមានពិការភាព ។

លោក ហឿង សុផុន រដ្ឋលេខាធិការបន្តថា ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងបានចំណាយ ថវិការដ្ឋយ៉ាងច្រើន គឺសំដៅជួយដល់ជនពិការ និង ក្រុមគ្រួសារទទួលបានគុណភាព ជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញ អោយជនមានពិការភាព បានចូលរួមគ្រប់សកម្មភាព ក្នុងសង្គម ទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួល បានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូល ពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋាន គតិយុត្ត ការចុះផ្សព្វផ្សាយ ការយល់ដឹងអំពីវិស័យពិការភាព ទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ក្រោមជាតិ វិស័យ ឯកជន សង្គមស៊ីវិល និង ដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចេរភាព សម្រាប់ជនមានពិការភាព នៅប្រទេសកម្ពុជា ។

ម៉្យាងវិញទៀត ដើម្បីកំណត់អាទិភាព យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងវិស័យពិការភាព បានធ្វើការបន្ស៊ី បញ្ជ្រាប និងដាក់បញ្ចូលបញ្ហាពិការ ភាព ទៅក្នុងគ្រប់វិស័យ ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងសង្គតិភាពនៃយុទ្ធសាស្ត្រទាំងឡាយ ទាំងក្នុងក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឬរបៀបវារៈឆ្នាំ ២០៣០ ក៏បានប្តេជ្ញាចិត្តថា «មិនមាននរណាម្នាក់ ត្រូវបានទុកចោល» ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និងការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើងជនមានពិការភាព ពិសេសការគិតគូអំពីការ ស្តារ កាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ ព្រមទាំងធានាលទ្ធភាព ក្នុងការចូលរួមដ៏ពេញលេញ និងដោយស្មើភាពគ្រប់ សកម្មភាពនានាក្នុងសង្គម ។

ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អស់លោក លោកស្រី តាមក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធជាតិ អន្តរជាតិទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សម្រាប់វិស័យពិការភាព កន្លងមក ។ ការចូលរួមចំណែកយ៉ាងសកម្មនេះ គឺជាសក្ខីភាពបញ្ជាក់ អំពីការទទួលខុសត្រូវ និងយកចិត្តទុកដាក់ក្នុង ការបម្រើឲ្យបុព្វហេតុជន មានពិការភាពនៅកម្ពុជា ៕

Most Popular

To Top