ភ្នំពេញ៖ លោក ឡាច ច័ន្ទដារ៉ា នាយកសាលាគុនសុរិយា ការ៉ាតេ-ដូ បានមានប្រសាសន៍ថា ការប្រកួតជ្រើសរើសសិស្សឆ្នើមកម្រិតឃ្យូអាយុក្រោម ១៥ឆ្នាំ ប្រចាំសាលាគុន ឆ្នាំ២០២៣ ធ្វើឡើងដើម្បីទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំហ្វឹកហាត់ ហើយមានឱកាសបង្ហាញសមត្ថភាពតាមរយៈការប្រកួតប្រជែងជាមួយសិស្សានុសិស្សរួមសាលាគុនផងដែរ។
ការប្រកួតនេះប្រព្រឹត្តិនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់នៅមជ្ឈមណ្ឌលកីឡាយុទ្ធសិល្ប៍បុរាណកម្ពុជា-ជប៉ុន (ស្តាតអូឡាំពិក) ដើម្បីអបអរសាទរគម្រប់ខួបលើកទី១២ នៃការបង្កើតសាលាគុននេះឡើងនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១-ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានហេដ្ឋារចនាសម្ព័ន្ធហ្វឹកហាត់សមរម្យដល់សិស្សគុន និងមានការទទួលស្គាល់ពីសហព័ន្ធដែលមានលិខិត លេខ០០៧/២០១២ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ មានទីតាំងនៅភូមិសន្សំកុសល៥ សង្កាត់បឹង ទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកនាយកសាលាគុនសុរិយា ការ៉ាតេ-ដូបានបន្តថា ក្រោយការប្រកួតចំណាយពេលមួយព្រឹកពេញមកយើងបានរកឃើញសិស្សចំនួន៤រូបបានទទួលជ័យលាភី និងក្លាយជាសិស្សឆ្នើមប្រចាំសាលាក្នុងឆ្នាំ២០២៣ ដូចជាកុមារា ប៊ុណ្ណារ៉ាត់ សុគន្ធារាជ ទទួលបានមេដាយមាស (ចំណាត់ថ្នាក់លេខ១) កុមារា គឿន ពុទ្ធបញ្ញា ទទួលបានមេដាយប្រាក់ (ចំណាត់ថ្នាក់លេខ២) កុមារី ស៊ីម បញ្ញាវតី ទទួលបានមេដាយសំរឹទ្ធ (ចំណាត់ថ្នាក់លេខ៣) និងកុមារា Shen Xiaonian ទទួលបានមេដាយសំរឹទ្ធ (ចំណាត់ថ្នាក់លេខ៣)។
សូមបញ្ជាក់៖សាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលមានរយៈពេល១២ឆ្នាំមកហើយ ដោយគិតត្រឹមឆ្នាំ២០២៣នេះ។ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី១១ ខែវិច្ឆិកា សាលាគុនតែងតែរៀបចំពិធីដើម្បីផ្សេងៗ ដើម្បីរំលឹកដល់បុព្វហេតុនៃការបង្កើតសាលាគុននេះ ក៏ដូចជាអបអរសាទរដែលសាលាគុន អាចបន្ដបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យការ៉ាតេនៅកម្ពុជាផងដែរ៕ ដោយ៖លី ភីលីព





