ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ ខ្លាចាស់ រឿម វណ្ណៈ ក្លិបនាគនាំសំណាង សន្លប់ទឹកទី១ ក្រោមថ្វីដៃអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ ក្លិបតាឡីដំរីមានរិទ្ធក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ១២ខែវិច្ឆិកា ឆ្នាំ២០២៣ ធ្វើឲ្យអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ ក្លាយជាម្ចាស់ជើងឯកគុនខ្មែរប៉ុស្តិ៍លេខ៥ ដើម្បីត្រៀមខ្លួនប្រកួតជាមួយអ្នកប្រដាល់បរទេស។
អ្នកប្រដាល់គុនខ្មែរទំាង ២ នាក់សុទ្ធតែជើងខ្លាំងដូចគ្នា ចំពោះរឿម វណ្ណៈ ខិតខំប្រើស្នៀតកណ្តាប់ដៃដើម្បីផ្តួលអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរឲ្យសន្លប់ឲ្យបាន ប៉ុន្តែអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ មានកម្ពស់ជាងរឿម វណ្ណៈ បន្តិចមែន តែរូបគេបានប្រើកណ្តាប់ដៃវ៉ៃចំផ្ទៃមុខរឿម វណ្ណៈ ៤ កណ្តាប់ដៃជាប់ៗគ្នា ធ្វើឲ្យអាជ្ញាកណ្តាលចំណាប់រាប់បាន ៦ បន្តការប្រកួតទៀត។
អ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ ដឹងចំណុចខ្សោយវាយរហូតដល់អ្នកប្រដាល់គុនខ្មែរ រឿម វណ្ណៈ យ៉ាងចាស់ដៃធ្វើឲ្យអាជ្ញាកណ្តាលការប្រកួតជាផ្លូវការ បន្ទាប់ពីអ្នកប្រដាល់គុនខ្មែរ រឿម វណ្ណៈ រាប់៣ដងក្នុងទឹក ១ ធ្វើឲ្យអ្នកប្រដាល់គុនខ្មែរ ពុទ្ធ សំបូរ ក្លាយជាម្ចាស់ជើងឯកគុនខ្មែរប៉ុស្តិ៍លេខ៥ ទទួលបានប្រាក់លានតែម្តង។
ចំណែកការប្រកួតមិត្តភាពអន្តរជាតិវិញ អ្នកប្រដាល់ជើងចាស់ថៃ TounPe បានត្រឹមស្មើពិន្ទុជាមួយអ្នកលេងជើងថ្មីរបស់កម្ពុជា ធន តុបផេង មកក្លិបកងយោធពលខេមរភូមិន្ទ។ ការប្រកួតមានលក្ខណៈតឹងតែងដោយសារទាំសង្ខាងសុទ្ធតែប្រយ័ត្នរៀងៗខ្លួន ព្រោះតុបផេងក៏ហាក់ដូចជាញញើតនឹងកេរ្តិ៍ឈ្មោះរបស់ TounPe ចំពោះ TounPe ខានមកប្រកួតស្រុកខ្មែរយូរក៏ប្រយ័ត្នជាមួយតុបផេងជាអ្នកលេងជើងថ្មីដែរ។
រីឯអ្នកប្រដាល់គុនខ្មែរ រិទ្ធី សុផាត មកពីក្លិប SuperFight ប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ Ba Bou ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះក៏មានលក្ខណៈតឹងតែខ្លាំងដែរ ដោយសារស្ថានភាពនៃការប្រកួត Ba Bou មានប្រៀបលើសុផាតស្ទើរតែគ្រប់ទឹកតែម្ដងតែអ្នកប្រដាល់កម្ពុជារូបនេះតស៊ូបានរហូតបញ្ចប់ទឹកទី៥ដោយចាញ់បាប៊ូប៉ុណ្ណោះ។
ដោយឡែកអ្នកប្រដាល់គុនខ្មែរ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡាប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ថៃ Ram Bo ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ Ram Bo ជាអ្នកប្រដាល់ខ្លាំងជង្គង និងកែងដែរតែជួបជាមួយវ៉ាន់វឿនដែលល្អជង្គង់ និងកែងដែរនោះគេ បែរជាចេញអាវុធមិនរួច ហើយទំាង៥ទឹក វ៉ាន់ វឿនមានប្រៀបស្ទើរតែគ្រប់ទឹក។ជំនួបមួយនេះវ៉ាន់ វឿនសមនឹងឈ្នះមែន៕ ដោយ៖លី ភីលីព