កីឡា

វគ្គបណ្តុះបណ្តាលកីឡាឃីកបុកស៊ីង ជំរុញការអភិវឌ្ឍន៍បច្ចេកទេសឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី នាឆ្នាំ២០២៩

ភ្នំពេញ៖ លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាគូសបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមប្រដាល់ឃីកបុកស៊ីងនឹងជួយជំរុញឱ្យមានប្រសិទ្ធភាពការងារកាន់តែខ្ពស់ កាត់បន្ថយបញ្ហាប្រឈមនានា ដែលតែងតែផ្តើមចេញពីការអនុវត្តមិនគ្រប់ជ្រុងជ្រោយរបស់មន្ត្រីបច្ចេកទេស ក្នុងពេលដែលកម្ពុជាកំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ។

នេះជាការលើកឡើងរបស់លោកប្រធានសហព័ន្ធ ក្នុងឱកាសបិទវគ្គវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ហេង សុឃន គូសបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាលមួយរបស់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលបានសម្រេចជោគជ័យនូវការបញ្ចប់វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ក្រោមកញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលគាំទ្រ និងយកចិត្តទុកដាក់ផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា ដើម្បីដំណើរការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និងការងារប្រកួតប្រចាំឆ្នាំ។ ការជួយឧបត្ថម្ភគាំទ្រនេះបានធ្វើឱ្យសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាមានការអភិវឌ្ឍផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស និងផ្នែកការងាររដ្ឋបាលកន្លងមក។

ក្នុងនោះក៏មានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ តាមដានឧបត្ថម្ភគាំទ្រទាំងនយោបាយដឹកនាំ សម្ភារ ថវិកា ជាបន្តបន្ទាប់ដល់កីឡាករ-កីឡាការិនី មន្ត្រីបច្ចេកទេសគ្រប់ជំនាញ ក្នុងការប្រកួតកីឡាជាលក្ខណៈជាតិ និងអន្តរជាតិកន្លងមករហូតទទួលបានមេដាយជូនជាតិមាតុភូមិរបស់យើងជាបន្តបន្ទាប់។

ជាមួយនឹងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយនេះ ឯកឧត្តមប្រធានសហព័ន្ធដាក់ការជឿជាក់យ៉ាងមុតមាំបន្ថែមទៀតថា សហព័ន្ធនឹងបន្តពង្រីកបានធនធានមនុស្ស ពង្រឹងបច្ចេកទេសជំនាញ និងក្រមសីលធម៌ ដើម្បីប្រសិទ្ធភាពការងារ ឱ្យបានគ្រប់ជ្រុងជ្រោយរបស់មន្ត្រីបច្ចេកទេសបន្ថែមទៀត។
ដើម្បីឆ្លើយតបទៅនឹងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ដឹកនាំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសឆ្ពោះទៅការរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅកម្ពុជាផងដែរ។

លោក ផេង វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធប្រដាល់ឃីកបុកស៊ីងកម្ពុជាបានជម្រាបជូនជា វគ្គនេះមានសិក្ខាកាមចូលរួម សរុបចំនួន ៤៥នាក់ ស្រី៥នាក់ ដោយទទួលបានលទ្ធផលសិក្សាបានល្អប្រសើរ។ ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាធ្វើឱ្យសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាមានការរីកចម្រើន ទាំងផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស និងផ្នែកការងាររដ្ឋបាលដំណើរការងារបានយ៉ាងល្អ។ ដូច្នេះសូមឱ្យសិក្ខាកាមទាំងអស់ ក្រោយពីទទួលបានចំណេះដឹងពីការបណ្តុះបណ្តាលនេះទៅត្រូវអនុវត្តឲ្យបានត្រឹមត្រូវល្អ ដើម្បីបន្តរួមចំណែកអភិវឌ្ឍវិស័យកីឡាឃីកបុកស៊ីងកម្ពុជាឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត៕ ដោយ៖លី ភីលីព

Most Popular

To Top