កីឡា

ប្រទេសតួកគី​ ស៊ើបអង្កេតកីឡាករ បាល់ទាត់អ៊ីស្រាអែល ពីបទញុះញង់ ឲ្យមានការស្អប់ខ្ពើម និងរើសអើង

AFP

ទួរគី ៖ ទីភ្នាក់ងារសារព័ត៌មាន Anadolu រាយការណ៍ថា កីឡាករបាល់ទាត់ ជនជាតិអ៊ីស្រាអែលម្នាក់មកពីក្លឹប Antalyaspor នៅប្រទេសទួរគី លោក Sagiv Jehezkel ត្រូវបានសួរដោយព្រះរាជអាជ្ញា បន្ទាប់ពីការចាប់ខ្លួន របស់លោកពីបទញុះញង់មនុស្សឲ្យស្អប់ខ្ពើម និងជាអរិភាព ហើយនឹងត្រូវនិរទេស ចេញពីប្រទេសនេះ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

ក្នុងអំឡុងពេល នៃការប្រកួតក្របខណ្ឌកំពូល របស់ប្រទេសទួរគីកាលពីថ្ងៃអាទិត្យ កីឡាករ Jehezkel បានអបអរគ្រាប់បាល់ របស់លោកដោយធ្វើកាយ វិការបេះដូង និងបង្ហាញខ្សែដៃ របស់លោកទៅកាន់កាមេរ៉ា បង្ហាញពីតារា David ដែលគូរដោយដៃ និងពាក្យថា “100 ថ្ងៃ, 7.10” ។

យោងតាមអាជ្ញាធរអ៊ីស្រាអែល បាននិយាយថា អត្តពលិករូបនេះបានឧទ្ទិសភាពស្តែងរបស់លោកដល់ថ្ងៃទី ១០០ ចាប់តាំងពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ក្រុមហាម៉ាសបានធ្វើការ វាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល របស់ខ្លួនលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង ប្រហែល ២៤០ នាក់ផ្សេងទៀត ។

មនុស្ស ១៣២ នាក់នៅតែជាប់ឃុំ ហើយតួលេខចុងក្រោយ ពីក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបង្ហាញថា មនុស្ស ២៤.១០០ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារ សងសឹករបស់អ៊ីស្រាអែល លើតំបន់ប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី ៧ ខែតុលា ។

លោក Jehezkel ត្រូវបានឃុំខ្លួននៅទីក្រុង Antalya មាត់សមុទ្រកាលពីថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ទួរគី លោក Yilmaz Tunc បានប្រកាសថា កីឡាករអ៊ីស្រាអែល នឹងត្រូវបានស៊ើបអង្កេតលើ ការញុះញង់ មនុស្សឲ្យស្អប់ និងអរិភាព ដោយសារតែកាយវិការ ដ៏អាក្រក់របស់គាត់ ដែលគាំទ្រការសម្លាប់រង្គាល របស់អ៊ីស្រាអែលនៅហ្គាហ្សា ។

យោងតាមលោក Anadolu បាននិយាយថា ខ្សែបម្រើវ័យ ២៨ ឆ្នាំត្រូវបានសួរចម្លើយកាលពីថ្ងៃច័ន្ទ ហើយត្រូវបានដោះលែងបន្ទាប់ពីនោះ។ វាបានបន្ថែមថា លោកត្រូវបានគេគ្រោងនឹងនិរទេសពីប្រទេសទួរគីនៅលើយន្តហោះឯកជននៅពេលក្រោយ។

សេចក្តីថ្លែងការណ៍របស់គាត់ ទៅកាន់ប៉ូលីស លោក Jehezkel បានអះអាងថា ជាមួយនឹងកាយវិការរបស់លោក លោកគ្រាន់តែចង់ទាក់ទាញ ការយកចិត្តទុកដាក់ចំពោះជម្លោះ នៅតំបន់ហ្គាហ្សាប៉ុណ្ណោះ ហើយមិនរំពឹងថានឹងមានប្រតិកម្មតបតបែបនេះទេ។ លោកបានបន្តថា ខ្ញុំចង់ឲ្យសង្រ្គាមបញ្ចប់ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយបន្ថែមថា លោកបានសុំទោសប្រជាជនតួកគី ចំពោះទង្វើនេះ៕
ដោយ៖លី ភីលីព

Most Popular

To Top