កីឡា

អ្នកនយោបាយ​ហុងកុង​ថ្កោល​ទោស​ Messi ដោយ​អត់​ចូល​លេង​ប្រកួត​នៅ​ដី​ហុងកុង តែ​បង្ហាញ​ខ្លួន​នៅ​ជប៉ុន

អ្នកនយោបាយ​ និង​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​ហុងកុងបាន​ធ្វើ​ការ​ថ្កោល​ទោស​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ដោយ​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ប្រកួត​មិត្តភាព ដែល​ធ្វើ​ឡើង​នៅ​ទឹកដី​ហុងកុងកាល​ពី​ថ្ងៃ​អាទិត្យ។

កាល​ពី​ថ្ងៃ​អាទិត្យ​ Inter Miami បាន​លេង​ប៉ះ​នឹង​ក្រុម​ជម្រើស​ឆ្នើម​របស់​ហុងកុង (Hong Kong All Stars)។ ក្នុង​ប្រកួត​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Tatler Asia ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ជាប់​កុងត្រា​ថា​ ត្រូវ​តែ​ចូ​លលេង លើកលែង​តែ​មាន​របួស។

Messi បាន​អង្គុយ​នៅ​កៅអី​បម្រុង ហើយ​គ្រោង​នឹង​ចូល​លេង​នៅ​អំឡុង ១០នាទី​ចុង​ក្រោយ តែ​បែរ​ជា​អត់​ចូល​លេង​វិញ ដោយសារ​តែ​មាន​របួស​ឈឺត្រង់ក្រលៀន​ជើង។ នេះ​បើតាម​ការ​បញ្ជាក់​របស់​សាម៉ី​ខ្លួន។

ទាក់ទិន​នឹង​រឿងនេះ​ដែរ មាន​មតិ​អវិជ្ជមាន​ជា​ច្រើនបាន​ស្រោច​មក​លើ​ Messi បន្ទាប់​ពី​កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ពេល​លេង​ឱ្យ​ Inter Miami ប៉ះ​នឹង​ក្លឹប Vissel Kobe នៅ​រាជធានី​តូក្យូ​ ប្រទេស​ជប៉ុន។

សារព័ត៌មានរបស់​គណបក្ស​កុម្មុយនិស្ត​ចិន​ផ្សាយ​ជា​ភាសា​អង់គ្លេស​ Global Times បាន​ចុះ​ថា ការ​មិន​បង្ហាញ​ខ្លួន​របស់ Messi ធ្វើ​ឡើង​ដោយ​មាន «ឧបាយកល​នយោបាយ» ដើម្បី​ «បំបាក់មុខ» ហុងកុង។

អ្នកស្រី Regina Ip តំណាងរាស្ត្រ​នៃ​ដែនដី​ហុងកុង​បាន​និយាយ​ធ្ងន់ៗ​ថា «ប្រជាជន​ហុងកុង​ស្អប់ Messi និង​ស្អប់ Inter Miami»។ អ្នកស្រី​បាន​បន្ថែម​ថា «Messi មិន​គួរ​ឱ្យ​ជាន់​ដី​ហុងកុង​ទៀត​ទេ»។

ប្រជាជន​ហុងកុង​ប្រមាណ ៦៨ ០០០នាក់​បាន​ទិញ​សំបុត្រ​មើល​ប្រកួត (សំបុត្រ​តម្លៃ ៥០០-៦០០ដុល្លារ​អាមេរិក) ទន្ទឹង​រង់ចាំ​ចង់​មើល Messi ចូល​លេង​ក្នុង​ប្រកួត​ដោយ​ផ្ទាល់។ យ៉ាងណាមិញ ពេល​ Messi មិន​បាន​ចូល​លេង ពួក​គេ​បាន​ទាមទារ​សំណង​ថ្លៃ​សំបុត្រ​វិញ៕

ប្រភព៖sabay

Most Popular

To Top