កីឡា

ទីប្រឹក្សាNOCC ចូលរួមសិក្ខា សាលាបណ្តុះបណ្តាល គ្រូបង្គោល កម្មវិធីអប់រំ គុណតម្លៃ អូឡាំពិកនៅស្វីស

ស្វីស ៖ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានចូលរួមសិក្ខា សាលាបណ្តុះបណ្តាល គ្រូបង្គោល កម្មវិធីអប់រំគុណតម្លៃអូឡាំពិក រៀបចំដោយគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ “IOC” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការ IOC ទីក្រុង Lausanne ប្រទេសស្វីស ។

លោក Thomas Batch ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ “IOC” ក៏បានផ្តល់កិតិ្តយសអញ្ជើញស្វាគមន៍ និងណេះសំណាល ជាមួយសិក្ខាកាម ដែលមកពី ២៩ ប្រទេស ទូទាំង ៥ទ្វីប សរុបចំនួន ៣០ នាក់ ។

សិក្ខាសាលានេះរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាព ដល់គ្រូបង្គោលលើ ការរៀបចំផែនការ ការរៀបចំកម្មវិធីសិក្សា ការបង្កើតសកម្មភាពអប់រំកាយ និងកីឡា ការវាយតម្លៃ គរុកោសល្យ នៃបង្រៀន និងចែករំលែក នូវឯកសារសិក្សាថ្មីៗរៀបចំដោយ IOC ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាព នៃអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃ អូឡាំពិកនៅតាមបណ្តាប្រទេស ជាសមាជិក ស្របតាមគោលការណ៍ ណែនាំរបស់ IOC ។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងរៀបចំកម្មវិធីអប់រំគុណតម្លៃ អូឡាំពិកជារៀងរាល់ឆ្នាំនៅតាមសាលារៀនទូទាំងរាជធានី-ខេត្ត ក្នុងគោលបំណងអប់រំ សិស្សានុសិស្ស និង យុវជននូវគុណតម្លៃស្នូលទាំង៣ របស់ទស្សនវិជ្ជាអូឡាំពិក រួមមាន៖ ឧត្តមភាព “Excellence” ការគោរព “Respect” និងមិត្តភាព “Friendship” ៕

Most Popular

To Top