កីឡា

លោក តិក ប៊ុនវី ប្តេជ្ញាប្រើប្រាស់អស់ លទ្ធភាពដើម្បីអភិវឌ្ឍជំនាញកីឡាកាយវប្បកម្ម ឲ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ លោកតិក ប៊ុនវី ក្លាយជាប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាអាណត្តិទី៤ បានបង្ហាញក្តីរីករាយយ៉ាងខ្លាំងជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ពស់ថា លោកនឹងប្រើប្រាស់ឲ្យអស់ពីលទ្ធភាព ដើម្បីជួយជ្រោមជ្រែងដល់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីប្រភេទកីឡានេះនាពេលបច្ចុប្បន្នប្រជាប្រិយហើយក៏ដោយ។

លោកបានលើកឡើងរបស់ឱកាសលោកត្រូវបានសមាជិកបោះឆ្នោតផ្តល់សេចក្តីទុកចិត្តក្នុងមហាសន្និបាតបញ្ចប់អាណត្តិចាស់ អាណត្តិទី៣ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិថ្មី ទី៤ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណនៅសាលប្រជុំានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសមហាសន្និបាតនេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឈុន ចន្ធូ អគ្គនាយករងតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋាន លោក កៅ មករា តំណាងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា និងលោក តឹម ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា។

លោក តិក ប៊ុនវី បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដែលសមាជិកទាំងអស់បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់លោកកាន់តំណែងប្រធានសហព័ន្ធដដែលដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាកីឡាកាយវប្បកម្មជាមួយនឹងសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិចាស់ ជាបន្តបន្ទាប់ក្នុង៣អាណត្តិកន្លងទៅនេះ។

លោកប្រធានបន្តថា លោកឈរនៅទីនេះនឹងប្រើប្រាស់ធនធាន កម្លាំងកាយចិត្ត រួមជាមួយនឹងសមាជិកទាំងអស់ ព្រមទាំងកីឡាករ-កីឡាការិនីដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាកាយវប្បកម្មកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសនឹងធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជន យុវជន និងថ្នាក់ដឹកនាំ តាមរយៈការប្រឹងប្រែងអភិវឌ្ឍជំនាញប្រភេទមួយនេះ។ គោលបំណងចម្បងរបស់យើងទាំងអស់គ្នា គឺចង់ឲ្យទង់ជាតិកម្ពុជាបង្ហាញនៅលើឆាកអន្តរជាតិ ក្នុងការប្រកួតកីឡាអន្តរជាតិ នាពេលខាងមុខ។

លោក ឈុន ចន្ធូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការតស៊ូលះបង់ កម្លាំងកាយ កម្លាំចិត្តរយៈពេល ៣អាណត្តិមកហើយនេះ ដែលធ្វើឲ្យប្រភេទកីឡាកីឡាកាយវប្បកម្មកម្ពុជាត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយវិស័យកីឡានេះក៏បានរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា។

សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា អាណត្តិថ្មីនេះ មានចំនួន ៩ រូប ដោយលោក តិក ប៊ុនវី ជាប្រធានសហព័ន្ធ លោក ហ៊ុន សុភី អនុប្រធាន លោកស្រី អេមី សារីរ៉ុម អគ្គលេខាធិការ លោក វណ្ណ ណាក់ អគ្គលេខាធិការរង លោក ស៊ុំ ភិរុណ អគ្គហិរញ្ញិក លោក ពេជ វណ្ណាត អគ្គហិរញ្ញិករង លោក ខៀវ លីម លោក ស្រ៊ុន រាជ្យ និងលោក ឆេង ច័ន្ទកក្កដា៕ ដោយ៖លី ភីលីព

Most Popular

To Top